ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! នៅក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលបវរនៃពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលនឹងចូលមកដល់នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវសេចក្តីអំណរសាទរយ៉ាងជ្រាលជ្រៅពោរពេញដោយសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គោរពជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លាមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំប្រទេសជាតិ មាតុភូមិឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗគួរជាទីមោទនភាពជាបន្តបន្ទាប់ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងបានខិតខំលះបង់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈដ៏ មោះមុត និងក្តីស្វាហាប់ពោរពេញដោយសក្តានុពល ព្រមទាំងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ និងប្រជាជន ធានាការពារឯករាជ្យជាតិ ការពារសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យឱ្យកាន់តែល្បីរន្ទឺទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ពិសេសទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សាការពារប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ និងសូមបានប្រកបដោយពុទ្ធពរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ» ៕