រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្តាំផ្ញើ ៦ចំណុច ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្តាំផ្ញើ ៦ចំណុច ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា


ភ្នំពេញ៖
នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាច្រើន ដែលគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម សាំង វណ្ណៈ សម្រេចបានក្នុងរយៈពេល ១ ឆ្នាំ កន្លងទៅនេះ ទាំងលើការលើកកម្ពស់វិបុលភាពនៃវិជ្ជាជីវៈមេធាវីនៅកម្ពុជាផង ទាំងការលើកកម្ពស់កិត្តិយសស្ថាប័នគណៈមេធាវីផង និងការចូលរួមបំពេញការងារបម្រើឱ្យវិស័យយុតិ្តធម៌ផង។ 

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់វិជ្ជាជីវៈមេធាវីនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងនោះរួមមាន៖ ការធានានូវសុវត្ថិភាពគតិយុត្តជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកម្ម និងសកម្មភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយប្រឹក្សាយោបល់ផ្នែកច្បាប់ និងការរៀបចំឯកសារផ្លូវច្បាប់នានា, ការលើកកម្ពស់ការយល់ដឹងពីច្បាប់នៅក្នុងសង្គម តាមរយៈការចូលរួមក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ការចូលរួមកិច្ចពិភាក្សានៅតាមបណ្តាញទូរទស្សន៍ វិទ្យុ និងសារព័ត៌មាន ព្រមទាំងការសរសេរអត្ថបទវិភាគអំពីច្បាប់នៅតាមបណ្តាញសង្គមនានា, ការចូលរួមពន្លត់ភ្លើងវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងកូនក្តី និងការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ តាមរយៈការប្រឹក្សាយោបល់ និងជួយការពារក្តីជូនជនក្រីក្រ ជាដើម។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គមហាសន្និបាតអំពីការកែទម្រង់ប្រព័ន្ធយុត្តិធម៌សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដោយឯកឧត្តមបានគូសរំលេចអំពីសមិទ្ធផលនៃការអនុវត្តយុទ្ធនាការទាំង២ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក៏ដូចជា សមិទ្ធផលការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ទន្ទឹមនឹងការអបអរសាទរ និងការគាំទ្រដល់ទិសដៅការងារដែលបានដាក់ចេញដោយ ឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ ឯកឧត្តមប្រធានគណៈមេធាវី, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និង មេធាវីទាំងអស់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
 
(១)-មេធាវីគ្រប់រូបត្រូវគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិតិ្តយស សេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។

(២)-មេធាវីគ្រប់រូបគប្បីបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពជាប្រចាំ ទាំងលើសមត្ថភាពបច្ចេកទេស ភាសា និងបច្ចេកវិទ្យា ដើម្បីភាពរឹងមាំនៃសមត្ថភាពខ្លួនឯងផង និងដើម្បីលើកកម្ពស់វិជ្ជាជីវៈមេធាវីផង។ 

(៣)-សូមមេធាវីគ្រប់រូបបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាពផងដែរ។ 

(៤)-សូមឱ្យមេធាវីគ្រប់រូប ប្រកាន់យកនូវស្មារតីនៃការដោះស្រាយវិវាទដោយសន្តិភាពនិយម តាមរយៈការព្យាយាមដើរតួជា “អ្នកពន្លត់ភ្លើង” ឬ ជាអ្នកសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងសង្គម ក៏ដូចជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានឆាប់។

(៥)-សូមមេធាវីគ្រប់រូបបន្តចូចូលរួម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀតក្នុងការអនុវត្តនូវ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ” និង“យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកលើកកម្ពស់ “យុត្តិធម៌នៅក្នុងសង្គម” និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា។

(៦)-សូមស្នើឱ្យគណៈមេធាវី បន្តប្រើប្រាស់មហាសន្និបាតដែលជាការជួបជុំប្រចាំឆ្នាំបែបនេះធ្វើជាវេទិកាសម្រាប់ការរួមគិត ការរួមធ្វើ និង ការរួមទទួលខុសត្រូវ ក្នុងគោលជំហរ, ទិសដៅ និង ចក្ខុវិស័យរួមតែមួយ ក្នុងជំហានកាន់តែបុរេសកម្ម, កាន់តែស្វាហាប់ និង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីនាំមកនូវការប្រែប្រួលជាវិជ្ជមានសម្រាប់វិជ្ជាជីវៈនេះ ពិសេស ការលើកកម្ពស់មុខមាត់ និង វិបុលភាពនៃវិជ្ជាជីវៈមេធាវី ក៏ដូចជា រួមចំណែកលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ៕

























Previous Post Next Post