ភ្នំពេញ៖ ក្នុងចំណោមសាលាបណ្ដុះបណ្ដាលនគរបាលជាតិ ដែលក្រសួងមហាផ្ទៃបានដាក់ពង្រាយ នៅទូទាំងប្រទេស ក៏មានដែរ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។ ក្នុងរយៈពេល២ឆ្នាំ គិតចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា សាលាដែលត្រូវបានក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យនៅចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា មួយនេះ បានបន្តដំណើរការ ដោយបំប៉នជំនាញពិសេស រយៈពេលខ្លី ដល់មន្រ្តីនគរបាលជាតិទូទាំងប្រទេស បានចំនួន ៤៤វគ្គ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនោះ មានសិក្ខាកាមចូលរួមសិក្សាសរុប ៤.៩២៨នាក់ ស្ដ្រី ២៣១នាក់។ បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធាន នៅក្នុងឆ្នាំ២០២៥នេះទៀត សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក៏បាននិងកំពុងដំណើរការវគ្គចំនួន៦វគ្គ ដោយមានសិក្ខាកាមសរុប ៥៣៥នាក់ ស្រ្តី ១៨នាក់។
តើសិក្ខាកាមទាំងនោះ ទទួលបានការបណ្ដុះបណ្ដាលជំនាញអ្វីខ្លះ? ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បានមានប្រសាសន៍ថា មានជំនាញពិសេសចំនួន១៤ឯណោះ គឺ៖ ១.ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ, ២.ជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ, ៣.ជំនាញការពារគោលដៅ, ៤.ជំនាញអន្តរាគមន៍ពិសេស, ៥.ជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង, ៦.ជំនាញបង្ការនិងបង្ក្រាបសកម្មភាពចលាចល, ៧.ជំនាញការពារទប់ទល់បាតុកម្ម, ៨.ជំនាញសន្តិសុខផ្ទៃក្នុង, ៩.ជំនាញកសាងបណ្តាញមូលដ្ឋានសម្ងាត់របស់កងកម្លាំងសន្តិសុខ, ១០.ជំនាញបច្ចេកទេសព្រហ្មទណ្ឌ, ១១.ជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ, ១២.ជំនាញប្រឆាំងភេរវកម្ម, ១៣.ជំនាញចរាចរណ៍ផ្លូវគោក និង ១៤.បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌។
យោងតាមរបាយការណ៍បណ្ឌិត្យសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់មន្ត្រីនគរបាលជាតិដែលបាននិងកំពុងបំពេញការងារនៅតាមអង្គភាពជំនាញ ចំណុះក្រសួងមហាផ្ទៃ និងតាមរយៈការចាត់បញ្ជូនឱ្យចូលសិក្សាស្របតាមផែនការបណ្ដុះបណ្ដាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង។ មន្ត្រីនគរបាលដែលអាចទទួលបានការបណ្ដុះបណ្ដាលត្រូវមានលក្ខខណ្ឌ ៦ចំណុច រួមមាន៖ ១.មានអាយុមិនលើសពី៥០ឆ្នាំសម្រាប់ថ្នាក់វរសេនីយ៍ទោចុះ និង៥៥ឆ្នាំសម្រាប់ថ្នាក់វរសេនីយ៍ឯកឡើង, ២.មានសុខភាពមាំមួន-កាយសម្បទាល្អ, ៣.មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ, ៤.មានឋានៈចាប់ពីនាយរងផ្នែក ដល់នាយការិយាល័យ នៃការិយាល័យជំនាញដែលពុំទាន់ឆ្លងវគ្គបំប៉នជំនាញមកពីនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, ៥.បានឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និង៦.មន្ត្រីនគរបាល ដែលគ្រប់តាមលក្ខខណ្ឌនេះ នឹងត្រូវបានលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន បានបញ្ជាក់ថា ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនីមួយៗដោយផ្អែកតាមផែនការយុទ្ធសាស្ត្រ និងសមត្ថភាពគ្រូនគរបាលជាតិ-អន្តរជាតិមានបទពិសោធបណ្ដុះបណ្ដាល និងឈរលើគុណភាពអប់រំជាចម្បង យើងជឿជាក់ថាមន្ត្រីទាំងនោះនឹងមានចំណេះដឹង ជំនាញវិជ្ជាជីវៈនគរបាល មានសមត្ថភាព មានមនសិការស្នេហាជាតិ មានឆន្ទៈមោះមុត មានគុណធម៌ មានសីលធម៌ស្អាតស្អំ និងការទទួលខុសត្រូវលើការងារ គោរពវិន័យ គោរពប្រតិបត្តិច្បាប់ និងគោរពសិទ្ធិមនុស្ស ដើម្បីអនុវត្តយ៉ាងសកម្មលើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ក្នុងទិសដៅរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្ដល់សេវានគរបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ៕


