ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល លោក លោកស្រី អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត នាយក នាយករងរដ្ឋបាលសាលារាជធានី ខេត្ត ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១០១នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សួស ប្រាថ្នា ប្រធានអង្គប្រជុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃអង្គប្រជុំដែលបានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះ និងសូមសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការខិតខំប្រឹងប្រែងបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងបរិយាបន្ន នាពេលកន្លងមកទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។
ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍បន្តថា កិច្ចប្រជុំនៅពេលនេះ គឺរៀបចំឡើងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ព្រមទាំងធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងគោលដៅបន្តពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្ដល់ការគាំទ្រ អន្តរាគមន៍ដល់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តកំណត់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សួស ប្រាថ្នា ក៏បានលើកឡើងនូវសមិទ្ធផលសំខាន់ៗក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ដែលអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ផ្ដល់ការគាំទ្រ អន្តរាគមន៍ និងសម្របសម្រួល រួមមាន៖ (១). ប្រកាសអន្តរក្រសួងលេខ០៤៦ ប្រក/ដនស/មផ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការកែសម្រួលប្រកាស ៩ ថ្មី នៃប្រកាសអន្តរក្រសួងលេខ២១៥ ប្រក/ដនស.មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥, (២). សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង (៣). សេចក្តីសម្រេចលេខ៩២៦១ សសរ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារព័ត៌មានវិទ្យាសម្រាប់គាំទ្រការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លើសពីនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាលបានសហការជាមួយក្រសួង ស្ថាប័ននានា ក្នុងការរៀបចំលិខិតបទដ្ឋាននានា ដើម្បីកែសម្រួល និងដាក់ចេញនូវបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលឱ្យកាន់តែមានភាពសាមញ្ញ និងងាយស្រួល ព្រមទាំងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តផងដែរ។
ជាថ្មីម្ដងទៀត ឯកឧត្តមអគ្គនាយក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងរួមគ្នាអនុវត្ត ការងារសម្រេចបាននូវសមិទ្ធផលនានាជាច្រើននាពេលកន្លងមក ជាពិសេសនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម សួស ប្រាថ្នា បានជំរុញដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តផ្ដល់ការគាំទ្រលើការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងត្រូវណែនាំឱ្យមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះឱ្យបានពេញលេញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចតាមដានចរន្តឯកសារស្នើសុំសេវាបានដោយខ្លួនឯង។
ជាងនេះទៅទៀត ឯកឧត្តម សួស ប្រាថ្នា បានស្នើដល់ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (Kess Innovation) បន្តជួយគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមការងារព័ត៌មានវិទ្យាក្រសួងមហាផ្ទៃលើការប្រើប្រាស់ និងការគ្រប់គ្រងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) ៕



















