ភ្នំពេញ៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយអ៊ំពូមីងបងប្អូនប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រាសី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទាំង១០, លោក ឃុន សុខា ប្រធានសហគមន៍ទេសចរណ៍សំបូរព្រៃគុក ព្រមទាំងអ៊ំ ពូ មីង បងប្អូនប្រជាសហគមន៍សំបូរព្រៃគុកជាច្រើននាក់ទៀត។
ថ្លែងក្នុងឱកាសនៃពិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាសហគមន៍ទាំងអស់ ដែលកន្លងមកបានសម្រេចសមិទ្ធផលជាច្រើនជូនសហគមន៍ផ្ទាល់ និងបានចូលរួមនៅក្នុងការអភិរក្សនិងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍ ក្នុងស្រុកប្រាសាទសំបូរព្រៃគុកផង និងនៅក្នុងខេត្តកំពង់ធំផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនដល់សហគមន៍ត្រូវបន្តរក្សាសុដុមនីយកម្មនៅក្នុងសហគមន, បន្តយកចិត្តទុកដាក់លើអនាម័យទាំងម្ហូបអាហារ ទីធ្លាបរិវេណ ជាពិសេសបន្ទប់ទឹក, បន្តរក្សាតម្លៃឱ្យបានសមរម្យ, បន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការប្រកួតប្រជែង ថ្នាក់ជាតិ និងក្របខណ្ឌអាស៊ានបន្តទៀត ៕














