ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
សារលិខិតអបអរសាទររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូចតទៅ៖ «ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាទីរាប់អាន! ខ្ញុំ និងភរិយា សូមចូលរួមអបអរសាទរដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការចំពោះឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ក្នុងឱកាស ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៥/១៣៣២ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសដ៏ល្អប្រសើរថ្លៃថ្លានេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលជានិច្ចកាលតែងតែយកអស់នូវកម្លាំងកាយ ប្រាជ្ញា ស្មារតី បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សតាមការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ សាមគ្គីធម៌ និងនីតិកោសល្យខ្ពង់ខ្ពស់ច្បាស់លាស់ទូលំទូលាយ រួមនឹងវិរិយភាពមិនចេះរីងស្ងួតដែលជាបុព្វបទ ដ៏ជាក់លាក់សម្រាប់សម្រេចបានមហាជោគជ័យជាវិជ្ជមានជូនជាតិមាតុភូមិ និងប្រជាជន។
ខ្ញុំ និងភរិយា សូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ៕


