ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលសៅរ៍ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសវកម្មផ្ទៃក្នុង និងជាប្រធានក្រុមការងារសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប។
ពិធីក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ លោក លោកស្រីជាស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរងនគរបាលក្រុង ស្រុក និងមន្ត្រីប៉ុស្តិ៍នគរបាលមូលដ្ឋានទាំង៥ ឃុំសង្កាត់។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងបានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង របស់ស្នងការដ្ឋាននគរបាលខេត្តកែប នាពេលនេះ។
ថ្លែងក្នុងពិធីបិទសវនកម្មផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកែប ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយកនៃអគ្គនាយករងសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប ទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍បទបញ្ជាណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រគល់ជូនទទួលបានលទ្ធផលគួរឱ្យគាត់សម្គាល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ ក្រោយពីត្រួតពិនិត្យសវនកម្មផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកែប រួចមក គ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តកែប ទាំងអស់ទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រព័ន្ធសវនកម្មផ្ទៃក្នុងទទួលបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃច្បាស់លាស់ហើយទប់ស្កាត់ការខ្ជះខ្ជាយអំពីការប្រើប្រាស់ធនធានរបស់រដ្ឋស្របតាមបទដ្ឋានគតិយុត្តិជាធរមាន។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សង្ឃឹមយ៉ាងមុតមាំថាគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធនៃស្នងការដ្ឋាននគរបាលខេត្តកែប ទាំងអស់ចូលរួមចំណែកពង្រឹងការងារស្នូលរបស់សវនដ្ឋាននីមួយៗក្រោមការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យស៊ីជម្រៅបន្ថែមទៀតលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំណាយ ចំណូល ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យទទួលបាននូវប្រសិទ្ធភាព ៕













