ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ជូនប្រជាពលរដ្ឋចំនួន ២.០០០គ្រួសារ នៅឃុំថ្នាធ្នង់ ស្រុករំដួល ដែលប្រារព្ធធ្វើនៅវត្តព្រែកពក។
មានប្រសាសន៍សាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជាយើងបានរៀបចំពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ យើងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដែលចង្ក្រានទាំងអស់នេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services និងសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ស.ស.យ.ក. ខេត្ត និងសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជា ជាពិសេសក្រុមហ៊ុនគ័ងចូវ អាយស្សិត ដែលនេះ គឺជាការសរបញ្ជាក់ឲ្យឃើញពីការចូលរួមមិនអាចខ្វះបានពីក្រុមការងារយុវជន ក៏ដូចជាវិស័យឯកជន និងសង្គមស៊ីវិល ក្នុងការរួមចំណែក គាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់សមាគមបណ្តាញសង្គមស៊ីវិលកម្ពុជាគម្រោងប្រើប្រាស់ចង្ក្រានបង្កើនថាមពលព្រៃមាន់នេះ នឹងចូលរួមកាត់បន្ថយការបំពុល បរិស្ថាន ដោយការផលិត មានលក្ខណៈបច្ចេកទេសក្នុងការកាត់បន្ថយដល់ការប្រើប្រាស់ បរិមាណអុស និងការបំភាយកាបូនក្នុងកម្រិតមួយទាបចូលទៅក្នុងបរិយាកាសជាពិសេសនោះ គឺត្រូវបានផលិតឡើងដោយសិប្បកម្មក្នុងប្រទេស ដែលមានមូលដ្ឋាននៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានផ្តល់ឱកាសការងារសម្រាប់កម្មករជាអ្នកមានពិការភាពថែមទៀតផង។
ឯកឧត្តម ប៉េង ពោធិ៍សា បានស្នើដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធត្រូវបន្តការចូលរួមថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើង ឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព។
-អាជ្ញាធរស្រុក ឃុំ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាំងនៅក្នុងអង្គភាព និងក្រៅអង្គភាពរដ្ឋ ជាពិសេសនៅតាមដងផ្លូវ ទីប្រជុំ ឬទីផ្សារជាដើម។
-ថែរក្សាសុខភាព អនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសឆ្ងាយពីជំងឺឆ្លងនានា ហើយត្រូវជួយអប់រំកូនចៅឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ព្រមទាំងណែនាំកូនចៅបងប្អូនឲ្យចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខផ្សេងៗ ដូចជា ល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពក្មេងទំនើងជាដើម។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង ឲ្យធ្វើការដាំដុះដំណាំ ឬបន្លែ បង្ការផ្សេងៗនៅបរិវេណដីទំនេរនៅជុំវិញផ្ទះ ឬការចិញ្ចឹមសត្វជាដើម ដើម្បីបង្កើនជីវភាព គ្រួសារ ហើយសូមឲ្យរដ្ឋបាលស្រុកដែលមានការិយាល័យជំនាញជាសេនាធិការជួយគាំទ្រលើផ្នែកបច្ចេកទេសដល់បងប្អូនយើងក្នុងកិច្ចការនេះ ៕











