សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាខ្មែរដែលបង្កើតឡើងជាលើកដំបូងនៅប្រទេសកម្ពុជា នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាខ្មែរដែលបង្កើតឡើងជាលើកដំបូងនៅប្រទេសកម្ពុជា នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍


ភ្នំពេញ៖
នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ចែម ចាន់ថុល ជានាយកប្រតិបត្តិសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាខ្មែរ និងសហការី ចូលជួបសំដែងការគួរសម គោរពរាយការណ៍ជូនពីសកម្មភាពរបស់សាលា និងគំនិតផ្តួចផ្តើមរបស់សាលាក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា នៅទីស្តីការក្រសួង។

ក្នុងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និយាយជារួម និងនិយាយដោយឡែក លើបណ្តុះបណ្តាលសមត្ថភាពរបស់យុវជនខ្មែរឱ្យផលិតបានជានាឡិកាដែលមានគុណភាពខ្ពស់ និងស្តង់ដារប្រទេសស្វីស ដែលអាចនឹងដាក់លក់ជាវត្ថុអនុស្សាវីរិយ៍ធ្វើនៅប្រទេសកម្ពុជាសម្រាប់ភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមលើការផ្សារភ្ជាប់លក្ខណៈខ្មែរទៅនឹងនាឡិកាដែលផលិតក្នុងស្រុក ដើម្បីបង្ហាញនូវលក្ខណៈពិសេសនៃវប្បធម៌ អរិយធម៌ សក្តានុពលទេសចរណ៍ សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប និងមានតម្លៃកាត់ថ្លៃមិនបានរបស់ប្រទេសកម្ពុជា ដែលអាចឱ្យភ្ញៀវទេសចរបានទទួលនូវបទពិសោធពិសេសពីប្រទេសកម្ពុជា និងនាំយកកម្ពុជាទៅកាន់ប្រទេសកំណើតរបស់ខ្លួនម្នាក់ៗ និងពិភពលោកទាំងមូល។

សូមបញ្ជាក់ជូនថាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាខ្មែរនេះ គឺត្រូវបង្កើតឡើងដំបូងគេបង្អស់នៅកម្ពុជា ដោយមានការបង្ហាត់បង្រៀនដោយផ្ទាល់ជាពិសេសពីសំណាក់គ្រូបណ្តុះបណ្តាល និងមានជំនាញពីប្រទេសស្វីសតែម្តង។ ក្រៅពីនេះ សាលាក៏មានមជ្ឈមណ្ឌលថែទាំ និងជួសជុលនាឡិកា (Geneva Watch Clinic) សម្រាប់ផ្តល់នូវសេវាថែទាំ និងជួសជុលនាឡិកាដោយអ្នកជំនាញនាឡិកាអន្តរជាតិ និងសិក្ខាកាមដែលចេញពីសាលាបណ្តុះបណ្តាលតែម្តង ៕











Previous Post Next Post