ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារវីរកងទ័ពជួរមុខ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍ដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់អ៊ំពូមីង បងប្អូនទាំងអស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបអង្គពិធីឱ្យជ្រួតជ្រាតច្បាស់ពីមូលហេតុនៃជម្លោះ ទាំងមូលហេតុប្រវត្តិសាស្ត្រដែលមានពីយូរលង់ណាស់មកហើយ និងមូលហេតុដែលកើតមាននាពេលថ្មីៗនេះ។ ជារួម ជម្លោះនេះគឺបង្កឡើងដោយថៃ ពោលគឺនយោបាយវាតទីនិយម ការក្លែងបន្លំប្រវត្តិសាស្រ្តដើម្បីបញ្ឆេះជាតិនិយម ការមិនគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិដែលមានជាធរមាន និងការបង្វែរជម្លោះនយោបាយផ្ទៃក្នុងរបស់ខ្លួនមកកាន់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា សង្គ្រាមដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃធ្វើការវាយប្រហារដោយចេតនា គិតទុកមុន និងដោយខុសច្បាប់មកលើកងទ័ពកម្ពុជា បានធ្វើឱ្យមានផលប៉ះពាល់ និងផលវិបាក ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យជឿជាក់លើប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី និងមានការចូលរួមពីសម្តេចតេជោក្នុងការដោះស្រាយបញ្ចប់បញ្ហាព្រំដែននេះ ប្រកបដោយប្រសិទ្ធភាព និងសន្តិភាពយូរអង្វែង។ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនកុំជឿតាមព័ត៍មាន និងការឃោសនារបស់សត្រូវ និងពួកប្រឆាំងអគតិនៅក្រៅស្រុក ហើយត្រូវតែតាមដានតែព័ត៌មានណាដែលផ្លូវការរបស់រាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យបងប្អូនដែលត្រឡប់មកពី ប្រទេសថៃ ស្វែងរកការងារក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើង ជាពិសេសនៅខេត្តកំពង់ឆ្នាំងជាខេត្តដែលមានសក្តានុពល និងកំពុងមានតម្រូវការកម្លាំងពលកម្មរាប់ពាន់កន្លែង។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងដោះស្រាយនូវលទ្ធភាពដែលអាចធ្វើទៅបានជូនបងប្អូនក្រុមគ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនពលករដែលទើបត្រឡប់ពីប្រទេសថៃ ពិសេសសម្របសម្រួលពាក់ព័ន្ធឯកសាររបស់ពួកគាត់ ក្នុងករណីដែលលក្ខខណ្ឌការងារតម្រូវ និងចូលរួមសម្របសម្រួលការអនុវត្តគោលការណ៍នានារបស់រាជរដ្ឋាភិបាលសម្រាប់ជួយដល់ពួកគាត់ ៕
















