ណាននីង៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូ ក.ប.ទ. ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ណាននីង ក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍នេះមានការផ្តោតជាពិសេសលើការតាំងបង្ហាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាសហប្រតិបត្តិការដ៏សំខាន់មួយរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។
ការចូលរួមរបស់គណៈប្រតិភូ ក.ប.ទ. បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសចិន និងដៃគូក្នុងតំបន់ ជាពិសេសនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងការធ្វើបរិវត្តកម្មឌីជីថល។ ពិព័រណ៍នេះបានផ្ដល់ឱកាសដ៏ល្អដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើបថ្មីៗ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត ៕











