ភ្នំពេញ៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេសដែលគោរពប្រតិបត្តិទំនៀមទំលាប់ប្រកាន់ភ្ជាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី១៣ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព នាចេតិយ ស្ថិតក្នុងបរិវេណគេហដ្ឋាននៃស្រុកកំណើត ឯកឧត្តម វង សូត ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង។
ពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតាបិតា ញាតកាទាំងប្រាំ
ពីរសណ្តាន បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងបុត្រ និងចៅ បានវេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃ ដារបង្សុកូលដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះ លោកតាឧបាសក វង ស៊ឹម ឧបាសិកា ទុយ សាន និងញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត។
ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តជាច វត្តថ្កូវ វត្តពោន វត្តសណ្តោកលិច និងវត្តសណ្តោកកើត សម្តេចទាំងទ្វេ និងឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងបុត្រ និងចៅ បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តជាច ចំនួន ៥លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលដែលបំរើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកចម្រើនរុងរឿង ជារៀងរហូត។
ជាមួយគ្នានេះ ឯកឧត្តម និងលោកជំទាវ បានប្រគេនបច្ច័យសម្រាប់ព្រះសង្ឃ៥អង្គ ក្នុង១អង្គៗ សាដក១ និងបច្ច័យ ១០០ដុល្លារ សម្រាប់យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋចំនួន៣០០នាក់ បានរៀបចំអាហារសាមគ្គី១ពេល និងក្នុងម្នាក់ៗ ទទួលបានប្រេងកូឡា ១ខ្លង និងថវិកា ២ម៉ឺនរៀល និងប្រគេនទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដល់វត្តទាំង៥ រួមមាន៖ អង្ករ ៥បេ, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, ទឹកដោះគោខាប់ ១កេសធំ, ស្ករសរ ១បេ, តែ ៥គីឡូក្រាម, ត្រីខ ១កេសធំ, មីជាតិ ៥កេសធំ និងប៊ីចេង ១កេស ៕

