ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រ នៅក្នុងសហគមន៍ ដែលស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះ ឯកឧត្ដមបណ្ឌិត បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងជំនាញវិជ្ជាជីវៈដូនតា (សាជី) ដល់អ្នកបន្តវេន ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌អរូបីមួយនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងព្រមទាំងបានផ្សារភ្ជាប់នឹងសហគមន៍ទៀតផង។ ក្នុងជំនួបដ៏រីករាយនេះ ឯកឧត្ដមបណ្ឌិត ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ឱ្យបន្តយកចិត្តទុកដាក់ដល់សហគមន៍មួយនេះ ក៏ដូចជាសហគមន៍ផ្សេងទៀត ដែលមានជំនាញមរតកដូនតាកំពុងប្រឈមនឹងការបាត់បង់ ចាំបាច់ត្រូវថែរក្សា។
ឯកឧត្ដមបណ្ឌិត បានបន្តលើកឡើងថា នេះគឺជាជំនាញវិជ្ជាជីវៈដូនតាមួយក្នុងចំណោមជំនាញដូនតាជាច្រើននៃកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាកម្មវីធីអន្តរាគមន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ឆ្លើយតបទៅនឹងគ្រោះអាសន្ន សុខុមាលភាព និងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈហិរញ្ញប្បទានដោយចំណូលថវិកាជាតិ និងជំនួយអភិវឌ្ឍន៍ផ្លូវការ។
ចុងបញ្ចប់នៃកម្មវិធីសំណេះសំណាលខាងលើ ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អ្នកគ្រូបង្គោល និងសិស្សបន្តវេនដែលកំពុងសិក្សាលើជំនាញវិជ្ជាជីវៈដូនតាមួយនេះទៀតផង ៕











