ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់អំពីសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់នៅឯ កសិដ្ឋានគីរីសួគ៌ (Khmer Fresh Milk) ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកសិដ្ឋានគីរីសួគ៌ ដែលប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបក្នុងការចិញ្ចឹមគោ និងផលិតទឹកដោះគោស្រស់។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា «ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាសង្គ្រាមឈ្លានពាន និងការបិទព្រំដែនដោយឯកតោភាគីពីយោធាថៃ គឺជាឱកាសមាស សម្រាប់ពាណិជ្ជករក្នុងស្រុក បង្កើនការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារជាតិ»។ ទោះជាយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដែរថា ការផលិតត្រូវតែមាន គុណភាពខ្ពស់ និងតម្លៃសមរម្យ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្តធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយបែរមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានផុលផុស ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។
បើតាមការបញ្ជាក់ពី លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌មានសមត្ថភាពផលិតទឹកដោះគោស្រស់ចន្លោះពី ១២,០០០ ទៅ ១៥,០០០លីត្រក្នុងមួយថ្ងៃ ដែលផ្គត់ផ្គង់បានប្រមាណ ២០% នៃចំណែកទីផ្សារកម្ពុជា។
លោកបានបង្ហាញសញ្ញានៃភាពរីកចម្រើនយ៉ាងឆាប់រហ័សថា «បច្ចុប្បន្ននេះ ផលិតផលទឹកដោះគោស្រស់គិរីសួគ៌ លក់សឹងមិនទាន់តម្រូវការទីផ្សារ ដោយយើងលក់អស់ពីស្តុកត្រឹមតែរយៈពេល ១ម៉ោងប៉ុណ្ណោះ មិនដូចកាលពីមុនដែលត្រូវចំណាយពេល ៣ថ្ងៃទើបលក់អស់»។ នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាពលរដ្ឋខ្មែរកំពុងតែងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើង។
លោក ឈរ រិទ្ធី បានបញ្ជាក់បន្ថែមថា កសិដ្ឋានគិរីសួគ៌គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប អាចផលិតទឹកដោះគោសុទ្ធស្រស់ប្រកបដោយគុណភាពខ្ពស់ និងជំនួយផ្នែកអាហារូបត្ថម្ភ។ បច្ចុប្បន្នកសិដ្ឋានគិរីសួគ៌មានគោសរុបជាង ១,០០០ក្បាល និងមានគម្រោងពង្រីកចំនួនគោយកទឹកដោះឱ្យដល់ ៣,០០០ក្បាល ដើម្បីបង្កើនផលិតកម្ម និងផលិតទឹកដោះគោវេចខ្ចប់ជាកញ្ចប់តូចៗសម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនផងដែរ។ កសិដ្ឋានដែលមានរោងចក្រកែច្នៃទឹកដោះគោ និងយ៉ាអួរប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នេះ ដំណើរការលើផ្ទៃដីសរុបចំនួន ៣០០ហិកតា ៕





























