ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបអរសាទរចំពោះសិស្សានុសិស្សខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អបអរសាទរចំពោះសិស្សានុសិស្សខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥


ភ្នំពេញ៖
នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារចូលរួមអបអរសាទរចំពោះសិស្សានុសិស្សខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ សម័យប្រឡង ៖ ២៨ សីហា ២០២៥ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការផ្ទាល់ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានចូលរួមអបអរសាទរដោយស្មោះចំពោះសិស្សានុសិស្សខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ៖ ២៨ សីហា ២០២៥។

យោងតាមលទ្ធផលផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា នៅទូទាំងខេត្តព្រៃវែង មានបេក្ខជនប្រឡងជាប់ សរុបចំនួន ៧ ៥៩៩នាក់ ស្មើនឹង ៨៦% នៃបេក្ខជនប្រឡងសរុបចំនួន ៩ ២០១នាក់ (ស្រី ៥ ១៤៣នាក់)។ 

ផ្អែកលើលទ្ធផលសិស្សប្រឡងជាប់នេះ ធ្វើឱ្យខេត្តព្រៃវែង ស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី៥ ទូទាំងប្រទេស ដែលមានភាគរយសិស្សប្រឡងជាប់ក្នុងអត្រាភាគរយខ្ពស់។ ក្នុងនោះមានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៥០នាក់។ 

សមិទ្ធផលដ៏ធំធេង និងគួរជាទីមោទនៈនេះ ពិតជាមិនអាចសម្រេចបាននោះឡើយ បើសិនអវត្តមាននូវកត្តាមួយចំនួនខាងក្រោមនេះ៖

ទី១. កិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស៖ ខ្ញុំយល់ថា សិស្សានុសិស្សដែលបានប្រឡងជាប់ទាំងអស់ គឺសុទ្ធតែបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់ការបង្រៀន និងការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងសាលារៀន និងស្វ័យសិក្សា។

ទី២. មាតាបិតា និងអាណាព្យាបាលសិស្ស៖ មានកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីតស៊ូ ការលះបង់ក្នុងការទំនុកបម្រុងផ្ចុងផ្តើមឱ្យកូនៗរបស់ខ្លួន បានសិក្សារៀនសូត្រ នាពេលកន្លងមក ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យខេត្តព្រៃវែង មានភាពលេចធ្លោ។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតា និងអាណាព្យាបាលគ្រប់រូប ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះបណ្តាល និងបង្កើនធនធានមនុស្ស ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទី៣. កត្តាសាលារៀន និងលោកគ្រូ អ្នកគ្រូ៖ ការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូពិសេសគណៈគ្រប់គ្រងសាលា ទាំងទៅលើបច្ចេកទេសគរុកោសល្យក្នុងការផ្ទេរចំណេះដឹង និងការដាក់ចេញនូវគោលការណ៍វិន័យផ្សេងៗ គឺជាចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពសិក្សារបស់សិស្សានុសិស្ស និងធ្វើឱ្យខេត្តព្រៃវែង ទទួលបានកិត្តិយសយ៉ាងធំធេង ស្ថិតក្នុងលំដាប់ថ្នាក់ខ្ពស់ដែលមានភាគរយសិស្សប្រឡងជាប់ខ្ពស់ នៅទូទាំងប្រទេស។ នេះគឺជាមោទកភាពមួយសម្រាប់អ្នកខេត្តព្រៃវែង។

ទី៤. កិច្ចសហការប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលក្នុងនោះរួមមាន៖ ថ្នាក់ដឹកនាំនិងមន្ត្រីនៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។

ទី៥. កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ៖ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាមួយដ៏មានសារៈសំខាន់ផងដែរ ដែលមិនគួរត្រូវបានមើលរំលង នៅពេលនិយាយទៅដល់លទ្ធផលជោគជ័យនៃវិស័យអ្វីមួយ ក្នុងនោះមានទាំងវិស័យអប់រំផងដែរ។ ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ទើបធ្វើឱ្យកម្ពុជា មានឱកាសពេញលេញក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មលើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យអប់រំផងដែរ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថលនេះ។

ជាមួយគ្នានេះ ខ្ញុំក៏សូមចូលរួមសោកស្តាយជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស ពិសេសសិស្សានុសិស្ស ដែលមិនបានប្រឡងជាប់ទាំងអស់ និងសូមលើកទឹកចិត្តឱ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីប្រឡងនៅឆ្នាំសិក្សាបន្ទាប់។ 

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ជូនក្មួយៗថា បើទោះបីជាក្មួយៗមិនបានប្រឡងជាប់ក្តី ក៏មិនមែនមានន័យថា ក្មួយៗមិនអាចទទួលជោគជ័យនៅក្នុងដំណើរជីវិតនោះដែរ។ ជាក់ស្តែងមានមនុស្សជាច្រើន ដែលបានសាងភាពល្បីល្បាញ ក៏ដូចជាកេរ្តិ៍ឈ្មោះទាំងដែលខ្លួនគេមិនបានប្រឡងជាប់។ 

ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យក្មួយៗ ដែលមិនបានប្រឡងជាប់ទាំងអស់ បើសិនជាមិនចង់សិក្សាឡើងវិញនៅថ្នាក់ទី១២ នៅឆ្នាំសិក្សាថ្មីខាងមុខនេះទេ ក្មួយៗអាចចុះឈ្មោះ ឬប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដែលមិនមានតម្រូវការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬក៏ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាល បានរៀបចំតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬចូលរៀនថ្នាក់បរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានសិក្សានានា និងចុះឈ្មោះជាសិស្សស្វ័យរិន ដើម្បីបន្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំបន្តបន្ទាប់ ក៏បាន។

ចុងបញ្ចប់ ខ្ញុំសូមជូនពរដល់ក្មួយៗទាំងអស់ មានសុខភាពល្អ កម្លាំងពលំមាំមួន និងបន្តទទួលបានជោគជ័យ ទាំងក្នុងវិថីនៃការសិក្សា និងការងារ ៕
Previous Post Next Post