ភ្នំពេញ៖ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជម្រាបជូនថា ក្រសួងស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលជាសមាជិកតែងតែឆ្លើយតបតាមការស្នើសុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋទូទៅ ក្នុងឱកាសព្រឹត្តិការណ៍បុណ្យជាតិធំៗ សំដៅពញ្ញាក់ស្មារតីឱ្យមានការប្រុងប្រយ័ត្ននិងចូលរួមបង្ការទប់ស្កាត់បញ្ហានានាដែលបង្កឡើងដោយគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមថា ក្នុងឱកាសបុណ្យកាន់បិណ្ឌ ចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានសកម្មភាពផ្សព្វផ្សាយអប់រំ ២ប្រភេទគឺ៖ ១. ផ្សព្វផ្សាយអប់រំពីចម្ងាយមិនផ្ទាល់តាមរយៈវិទ្យុទូរទស្សន៍ បណ្ដាញផ្សព្វផ្សាយរដ្ឋនិងឯកជន ការដាក់តាំងបដា ពាក្យស្លោកប្រឆាំងគ្រឿងញៀន និងជំរុញការប្រើប្រាស់ទូរសព្ទដៃNoDrug តាមផ្ទាំងប៉ាណូធំៗ តាមដងផ្លូវសំខាន់ៗក្នុងរាជធានី ខេត្ត ការផ្ញើសារតាមទូរសព្ទដៃ និង ២. ការផ្សព្វផ្សាយដោយផ្ទាល់គឺយើងធ្វើតាមរយៈព្រះសង្ឃ អាចារ្យកម្មវិធីផ្សព្វផ្សាយព្រះធម៌ តាមទីវត្តអារាមក្នុងពិធីកាន់បិណ្ឌនិងអាជ្ញាធររបស់យើងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា នៅលើរថយន្តក្រុងគឺមានការដាក់តាំងនូវផ្ទាំងតាំង Qr Code NoDrug សម្រាប់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមរយៈមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ (City Bus) បានឃើញនិងទាញយកប្រើប្រាស់កម្មវិធីទូរសព្ទ NoDrug នេះផងដែរ។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ផងដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បាននាំយកការថ្លែងអំណរគុណ និងកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ក្រសួង ស្ថាប័ន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលតែងតែយកចិត្តទុកដាក់ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងសូមឲ្យការធ្វើដំណើររបស់បងប្អូនទៅគ្រប់ទី ជួបតែសុខសុវត្ថិភាព "ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍និងគ្មានគ្រឿងញៀន" ៕





















