ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅចំពោះមុខសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ខាងលើ ដែលជាការបញ្ជាក់អំពីការប្តេជ្ញារបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែពេញលេញ តាមរយៈការបញ្ចូលទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងសាកលលោក ដោយការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងអាវុធប្រល័យលោកដទៃទៀត ៕






