ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) បានឱ្យដឹងថា កម្ពុជា បន្តពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងជាអន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងខិតខំកំណត់រកវិធីសាស្ត្រ ក្នុងការលុបបំបាត់ឫសគល់ នៃបញ្ហា បង្កើនការដោះស្រាយភាពស្មុគស្មាញទាំងឡាយ ដោយសន្តិវិធី។
ការលើកឡើងរបស់ លោកជំទាវ ជូ ប៊ុនអេង នាឱកាសអញ្ជើញចូលរួមក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្ម សាសនា នៅកម្ពុជា ជាសក្តានុពលក្នុងការប្រឆាំង អំពើជួញដូរមនុស្ សគ្រប់ទម្រង់ នាសម័យបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ និងជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ជូ ប៊ុនអេង បានថ្លែងថា «កម្ពុជា នៅតែបន្តពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសក្នុងតំបន់ និងជាអន្តរជាតិ ដើម្បីរួមគ្នាប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងខិតខំកំណត់រកវិធីសាស្ត្រ ក្នុងការលុបបំបាត់ឫសគល់នៃបញ្ហា បង្កើនការ ដោះស្រាយភាពស្មុគស្មាញទាំងឡាយ ដោយសន្តិវិធី និងដោយបញ្ចៀសនូវភាពប្រឈមទាំងឡាយឱ្យបានជាអតិបរមា»។
លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានសង្ឃឹមថា បណ្តាប្រទេសទាំងអស់ក្នុងតំបន់ នៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនេះ ឱ្យមានជោគជ័យ ៕