ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំការងារបន្ទាន់ នៅសាលប្រជុំនៅស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានជំរុញឱ្យនាយប៉ុស្តិ៍នគរបាលទាំង១០០ ក្នុងខេត្តតាកែវ ដាក់កម្លាំងចុះល្បាតតាមបណ្តាផ្លូវងាយរងគ្រោះ ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ កុំឱ្យកើតមានឡើង ដើម្បីឱ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាពល្អ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី៖ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរង (ទទួលផែនសេនាធិការ, សន្តិសុខ, ព្រហ្មទណ្ឌ, សណ្តាប់ធ្នាប់, គ្រឿងញៀន) លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង១០០ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោកលេខ៦០៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង១១ លោកនាយប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបានមានប្រសាសន៍ផ្តោតសំខាន់ចំនួន៥ ចំណុច ដល់ប៉ុស្តិ៍រដ្ឋបាល ដូចខាងក្រោម៖
១-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងបង្ការទប់ស្កាត់បង្រ្កាបបទល្មើស។
២-ពង្រឹងបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ ៨៧៣.ប្រក។
៣-ផ្សព្វផ្សាយសភាពការណថ្មីៗអំពីបញ្ហាព្រំដែនកម្ពុជា-ជាមួយប្រទេសជិតខាង។
៤-ពង្រឹងការប្រមូលផ្តុំកងកម្លាំងត្រៀមអន្តរាគមន៍ប្រចាំ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ទ្រោលសភាពការណ៍កើតឡើងជាយថាហេតុ។
៥-បន្តការចុះផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ ៕