ក្រសួងបរិស្ថាន ជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅខេត្តកោះកុង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងបរិស្ថាន ជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅខេត្តកោះកុង


ភ្នំពេញ៖
នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំពិភាក្សាមួយ និងជំរុញការងារសំខាន់ៗក្នុងវិស័យបរិស្ថាន ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្រ្តខេត្តកោះកុង ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង រួមជាមួយអភិបាលក្រុង ស្រុកចំនួន ៧ក្រុង/ស្រុក នៅទីស្តីការក្រសួងបបរិស្ថាន។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលព័ត៌មានលម្អិតពីបណ្ដាស្រុក-ក្រុងទាំង៧ ទាក់ទងនឹងសំណើសុំធ្វើប្លង់រឹងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រោមវិសាលភាពអនុក្រឹត្យ ២៤៥។ ព័ត៌មានទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងបរិស្ថាន ដើម្បីធ្វើធ្វើការពិនិត្យ និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ចឱ្យមានតម្លាភាព គណនេយ្យភាព និងអនុលោមតាមច្បាប់ជាធរមាន ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ។ 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើររបស់រដ្ឋបាលខេត្តកោះកុង ក្នុងការងារប្រមូល និងទុកដាក់សំរាមសំណល់រឹង ហើយឯកឧត្តមបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តកោះកុងបន្តសកម្មភាពស្អាតទាំងនេះ ទៅដល់សហគមន៍កោះស្រឡៅ និងតំបន់ជុំវិញទីនោះ ដើម្បីប្រែក្លាយទៅជាសហគមន៍អព្យាក្រឹតកាបូន នៅពេលខាងមុខ។ លើសពីនេះ ការលើកកម្ពស់ភាពបៃតង ក៏ជាភាពសំខាន់ដ៏ចម្បងមួយទៀតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយដើម្បីសម្រេចនូវយុទ្ធសាស្ត្រទាំងនេះ ក្រសួងបានលើកផែនការរៀបចំឱ្យមាន ថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ នៅខេត្តកោះកុងដែលគម្រោងនេះ មានគោលបំណងលើកទឹកចិត្តឱ្យមានការដាំដុះដើមឈើ ជាពិសេសដើមកោងកាងឱ្យកាន់តែច្រើន និងជួយបង្កើនគម្របព្រៃឈើ ដើម្បីធានាបាននូវបរិស្ថានបៃតងសម្រាប់រយៈពេលយូរអង្វែង។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរ លើការងារបច្ចេកទេសទាក់ទងនឹងដីក្នុងវិសាលភាពអនុក្រឹត្យលេខ ២៤៥ អនក្រ.បក។ ដោយផ្តោតសំខាន់លើគោលបំណង ប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដើម្បីរៀបចំរបាយការណ៍ស្នើសុំគោលការណ៍ណែនាំពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការងារនេះនឹងជួយឱ្យការគ្រប់គ្រងតំបន់ការពារធម្មជាតិមានប្រសិទ្ធភាព និងស្របតាមគោលការណ៍ច្បាប់ និងក្រមបរិស្ថាននិងធនធានធម្មជាតិ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តកោះកុងបានយកចិត្តទុកខ្ពស់ ក្នុងការជំរុញឱ្យយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានសម្រេចបានស្របតាមសសរស្តម្ភទាំង៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដែលសមស្របតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសកម្មភាពទាំងនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្តកោះកុង និងក្រសួងបរិស្ថាន ក្នុងការបន្តការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងសុខដុមរមនា ៕















Previous Post Next Post