ភ្នំពេញ៖ នាថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខវីរកងទ័ពជួរមុខដែលរងរបួសកំពុងសម្រាកព្យាបាលជំងឺ ក្រោមការយកចិត្តទុកដាក់ជាពិសេសពីក្រុមគ្រូពេទ្យជំនាញ នៅមនី្ទរពេទ្យបង្អែកស្ទោង និងនៅផ្ទះបងប្អូន ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសជួបសួរសុខទុក្ខ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរភាពកងទ័ព ដែលបាននិងបន្តខិតខំតស៊ូប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីនៅជួរមុខដោយភាពអង់អាចក្លាហាន ពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងបានគូសបញ្ជាក់ថា ការលះបង់ និងភាពក្លាហានរបស់បងប្អូនកងទ័ពជានិមិត្តរូបនៃកម្លាំងឯកភាពជាតិកម្ពុជា ហើយប្រជាជាតិយើងទាំងមូលដែលនៅសមរភូមិក្រោយគឺបន្តការគាំទ្រ និងជឿជាក់ជានិច្ចលើគំរូវីរភាពដ៏អង់អាចរបស់កងទ័ពយើង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកអំណោយ និងថវិកាជូនដល់វីរកងទ័ពដែលកំពុងព្យាបាលជំងឺចំនួន ៥នាក់ដែលក្នុងម្នាក់ៗថវិកាចំនួន ២លានរៀល ដោយឡែក វីរកងទ័ពដែលរងរបួស និងកំពុងព្យាបាលជើងទទួលបានថវិកា ៤លានរៀល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនដល់វីរកងទ័ពដែលកំពុងព្យាបាលជំងឺទាំងអស់ សូមឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញ ៕