ភ្នំពេញ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានជួបប្រជុំ ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី នៅវិមានរដ្ឋសភា។
ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ជម្រាបជូនថា ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលនៅជាធរមាន និងការចង្អុលបង្ហាញដោយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការ បានរៀបចំនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិសនិងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបាន និងកំពុងពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិសំដៅលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ និងកៀរគរធនធានក្រៅប្រទេសយកមកបម្រើឱ្យផលប្រយោជន៍ជាតិ។ មួយវិញទៀត ការដែលព្រះរាជាណាចក្រកម្ពុជា ក្រោយពីចូលជារដ្ឋភាគី ក្នុងកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រមានកាតព្វកិច្ចសំខាន់ៗ មួយចំនួនដូចជា ត្រូវបង់វិភាគទានក្នុងនាមជារដ្ឋភាគី ដែលនឹងត្រូវសម្រេចដោយសន្និសីទកំពូលនៃរដ្ឋភាគីលើកទី១។ ប៉ុន្តែដោយព្រះរាជាណាចក្រកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ការបង់វិភាគទាននឹងមានទំហំតូចបើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍ ដែលមានកាតព្វកិច្ចត្រូវបង់វិភាគទានទំហំធំ។ ម្យ៉ាងទៀតត្រូវតែចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិដោយមានការប្តេជ្ញាចិត្តចំពោះការអនុវត្តសកម្មភាពអភិរក្សជីវៈចម្រុះថ្នាក់ជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់ជាមួយស្ថាប័នពាក់ព័ន្ធថ្នាក់សកល តំបន់ អនុតំបន់ និងតាមវិស័យ។
ចំពោះសេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រងការអភិរក្សធនធានសមុទ្រ និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិសម្រាប់បច្ចុប្បន្ន និងអនាគត ការបែងចែកផលប្រយោជន៍ពីធនធានពន្ធសមុទ្រ និងព័ត៌មានឌីជីថលតំណលំដាប់ពន្ធុ ដែលបានរកឃើញ និងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងអត្ថប្រយោជន៍សេដ្ឋកិច្ច ការការពារ និងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រ ដោយមានភាគីពាក់ព័ន្ធនានាចូលរួម រួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល។
បន្ទាប់ពីតំណាងរាជរដ្ឋាភិបាលបានពន្យល់ បកស្រាយ ឆ្លើយបំភ្លឺលើបញ្ហាមួយចំនួន ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានរៀបចំនូវសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីរក្សាផលប្រយោជន៍ជាតិជាធំ។ គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានសម្រេចឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ហើយនឹងត្រូវធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីគោរពស្នើសុំដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ ៕