ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី តាន់ សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីរាជធានីភ្នំពេញ និងជាអ្នកមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ជិត២០០នាក់ ចុះផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ សរុបប្រមាណជាង៨០០នាក់។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋម ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ក្រោមគំនិតផ្តួចផ្តើម របស់លោកស្រីវេជ្ជបណ្ឌិត. តាន់ ឥន្ទដ្រាវីណា - dr. vina ព្រមទាំងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនពុកម៉ែប្រជាពលរដ្ឋ តាមរយៈមូលនិធិកៀរគររបស់លោកស្រីផងដែរ។
ឯកឧត្តម ខូយ រីដា បានកោតសរសើរ និងសូមថ្លែងអំណរគុណជូនចំពោះក្មួយស្រី តាន់ សុគន្ធមាលា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងពាណិជ្ជកម្ម និងចៅស្រី វេជ្ជបណ្ឌិត. តាន់ ឥន្ទដ្រាវីណា - dr. vina ដែលបានចុះពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋស្រុកវាលវែង ដែលជាស្រុកស៊ីស គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នាឱកាសនេះ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះក្មួយៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីរាជធានីភ្នំពេញ និងជាអ្នកមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងជាទង្វើដ៏ល្អប្រពៃ ចាត់ទុកថា ជាអ្នកគិតគូរសុខទុក្ខ របស់ប្រជាពលរដ្ឋពិតប្រាកដមែន ៕











