ភ្នំពេញ៖ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍សាធារណរដ្ឋប្រជាមានិតចិន, សាធារណរដ្ឋអៀរឡង់, ប្រទេសកូរ៉េ និងប្រទេសជប៉ុន សរុបចំនួន ៦៥រូប នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ការទទួលជួបនេះ ធ្វើឡើងតាមសំណើ របស់និស្សិត ដើម្បីទទួលបាននូវការផ្តល់អនុសាសន៍ណែនាំតម្រង់ទិស មុនចេញដំណើរសិក្សា និងរស់នៅក្រៅប្រទេសអំឡុងពេលសិក្សា។
ក្នុងជំនួបសំណេះសំណាលនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពាក្យពេចន៍អបអរសាទរ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជូនដល់និស្សិតទាំងអស់ ដែលទទួលបានឱកាស ទៅសិក្សានៅក្រៅប្រទេស ដោយបានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីតែងយកចិត្តទុកដាក់ពីសុខទុក្ខនិស្សិតគ្រប់រូប ដោយតែងចាត់ទុកនិស្សិតគ្រប់រូប ជាធនធានដ៏មានសារៈសំខាន់របស់ប្រទេសជាតិ។
ទន្ទឹមនេះផងដែរ ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ បានចែករំលែកនូវបទពិសោធល្អៗ នៃការសិក្សានៅក្រៅប្រទេស ជាពិសេសជំរុញឱ្យនិស្សិតគ្រប់រូប ខិតខំសិក្សារៀនសូត្រ ស្វែងរកនូវចំណេះជំនាញថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍជាតិមាតុភូមិកម្ពុជារបស់ខ្លួន ពេលត្រឡប់មកវិញ។ បន្ថែមពីនេះ និស្សិតជ័យលាភីទាំងអស់ ក៏ទទួលបាននូវអនុសាសន៍បន្ថែមទៀត ដើម្បីក្លាយខ្លួនជាអ្នកផ្សព្វផ្សាយពីកម្ពុជា ប្រកបដោយមោទនភាព និងធ្វើឱ្យអន្តរជាតិស្គាល់ពីសក្តានុពលកម្ពុជា ក្នុងភាពជាអ្នកតំណាងប្រទេសជាតិ និងប្រជាជនខ្មែរ។
ជាអនុសាសន៍ណែនាំ និងតម្រង់ទិសទៅដល់និស្សិតជ័យលាភីគ្រប់រូប ឯកឧត្តម សុខ សង្វារ ក្នុងនាមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញពីតម្លៃនៃសុខសន្តិភាព និងការវិវឌ្ឍនៃវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យវែងឆ្ងាយដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមក៏បានលើកទឹកចិត្ត និងស្នើឱ្យប្អូនៗនិស្សិតគ្រប់រូប ខិតខំប្រឹងប្រែង ប្រើប្រាស់ឱកាសនេះ ដើម្បីស្វែងរកនូវភាពជោគជ័យរបស់ខ្លួន ដែលភាពជោគជ័យទាំងអស់នេះ ក៏ជាភាពជោគជ័យរបស់សង្គមជាតិយើងទាំងមូលផងដែរ។ ឯកឧត្តមបានជូនពរប្អូនៗឱ្យទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញនាំមកនូវកិត្តិយស និងការកោតសរសើរចំពោះកម្ពុជា ៕




























