ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច អមដំណើរដោយលោកប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំថ្មឥដ្ឋ បានអញ្ជើញពិនិត្យមើលការសាងសង់សាលប្រជុំ នៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា ស្នាក់ការគណបក្សឃុំនេះ បានចាប់ផ្ដើមសាងសង់ឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ គិតមកត្រឹមពេលនេះ ការងារសាងសង់សម្រេចបានលទ្ធផលប្រមាណជា ៣០%។ នៅពេលសម្រេចចេញជារូបរាងពេញលេញ ស្នាក់ការគណបក្សឃុំនេះ នឹងជាទីកន្លែងមួយសម្រាប់ការរៀបចំកិច្ចប្រជុំ ការជួបជុំពិភាក្សាការងារផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងគណៈកម្មាធិការគណបក្សឃុំ ដែលបានយកចិត្តទុកដាក់ក្នុងការងារសាងសង់ស្នាក់ការនេះ និងបានសហការ ចូលរួមចំណែកបរិច្ចាគទាំងសម្ភារៈ និងថវិកាក្នុងការសាងសង់សមិទ្ធផលនេះឡើង។
ក្នុងថ្ងៃដដែលនោះដែរឯកឧត្តមបណ្ឌិត អមដំណើរដោយរដ្ឋបាលឃុំច្រស និងឃុំកំពង់ត្រឡាច និងមន្ត្រីកសិកម្មឃុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចិញ្ចឹមគោ នៅភូមិព្រៃពិស ឃុំច្រេស និងប្រជាពលរដ្ឋចិញ្ចឹមត្រី នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត បានស្ដាប់នៅបញ្ហារបស់កសិករចិញ្ចឹមត្រីអំពីការទម្លាក់តម្លៃដល់ពេលដែលប្រមូលផល។ ឯកឧត្តមបណ្ឌិត ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដើម្បីដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ ៕









