ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ទោ ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ ព្រមទាំងលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែសីហា ដោយក្នុងនោះ មានការអញ្ជើញចូលរួមពីលោកនាយរងការិយាល័យ, លោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីជំនាញក្រោមឱវាទផងដែរ។
ដោយនៅក្នុងកិច្ចប្រជុំបូកសរុបនេះដែរ លោកឧត្ដមសេនីយ៍ទោ ស៊ុម សុឃីម ស្នងការរង បានថ្លែងបញ្ជាក់ថា មន្ត្រីជំនាញទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ជាពិសេសទៀត ត្រូវតែចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋតាមលំនៅដ្ឋាន រោងចក្រ សហគ្រាស ឃ្លាំង សាលារៀន យានដ្ឋានជួសជុលរថយន្ត ដើម្បីឲ្យមានការយល់ដឹងអំពីវិធានការសង្គ្រោះបឋម នៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើងដោយយថាហេតុ។
លោកឧត្តមសេនីយ៍ទោ ស៊ុម សុឃីម ស្នងការរង បានបន្តទៀតថា ដោយបច្ចុប្បន្ននេះ ករណីអគ្គិភ័យមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសទៅទៀតនោះ គឺប្រឈមនឹងបញ្ហាទីតាំង ដែលជាហេតុធ្វើឲ្យមានការលំបាកដល់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោកឧត្ដមសេនីយ៍ទោ ស៊ុម សុឃីម ស្នងការរង ក៏បានណែនាំដល់លោកនាយការិយាល័យ លោកនាយរងការិយាល័យ លោកនាយផ្នែក លោកនាយរងផ្នែក និងមន្ត្រីជំនាញទាំងអស់ ត្រូវចែងចែកគ្នាពិនិត្យមើលភូមិសាស្ត្រឲ្យបានច្បាស់លាស់ ដើម្បីធានាបានក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះនេះ។
លោកឧត្តមសេនីយ៍ទោ ស៊ុម សុឃីម ក៏បានបញ្ជាក់ផងដែរថា គ្រប់មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក៏ដូចជាការហ្វឹកហាត់អំពីជំនាញពន្លត់អគ្គិភ័យបន្ថែមទៀត ដើម្បីធានាបានក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ ក៏បានថ្លែងអំណរអរគុណដល់មន្ត្រីជំនាញទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់នៅក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនាពេលកន្លងមក ៕





















