ឯកឧត្តម កែវ វណ្ណថន នាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃចំនួន០៤វត្ត និងជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ ក្នុងឃុំឈើទាល ស្រុកបាណន់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម កែវ វណ្ណថន នាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃចំនួន០៤វត្ត និងជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ ក្នុងឃុំឈើទាល ស្រុកបាណន់


ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម កែវ វណ្ណថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈើទាល បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនព្រះសង្ឃចំនួន០៤វត្ត ក្នុងឃុំឈើទាល និងបន្តជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃវិញ ប្រមាណ២០០គ្រួសារ ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។


សូមជម្រាបថា រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។


សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។


បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព ហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។


ថ្លែងក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម កែវ វណ្ណថន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកជូនដល់បងប្អូនទាំងអស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ជាប់ជាប្រចាំ និងគ្រប់កាលៈទេសៈចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរយុទ្ធជនពលី និងរងរបួស។

 

ឯកឧត្តម កែវ វណ្ណថន បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យបន្តការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្ថានការណ៍ដ៏លំបាកនេះ និងសូមឱ្យបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាសុខភាពឱ្យបានល្អ រហូតដល់ស្ថានការណ៍វិលត្រលប់ទៅធម្មតាឡើងវិញ ព្រមទាំងផ្តល់នូវជំនឿទុកចិត្ត និងបន្តគាំទ្រដល់វីរយុទ្ធជន ដែលហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព ព្រមទាំងការពារបាននូវអធិបតេយ្យភាព ដោយសន្តិវិធី តាមរយៈនយោបាយការទូត និងឈរលើគោលការណ៍ច្បាប់។

 

ជាមួយគ្នានេះ ឯកឧត្តម កែវ វណ្ណថន ក៏បានលើកទឹកចិត្តបងប្អូនពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ ដើម្បីស្វែងរកឱកាសធ្វើការក្នុងប្រទេសកម្ពុជា ដែលមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ ដែលមិនមានសុវត្ថិភាព នៅឆ្ងាយពីស្រុកកំណើត និងក្រុមគ្រួសារ។ 


ឯកឧត្តម កែវ វណ្ណថន បានបញ្ជាក់ថា ការទទួលបានការងារនៅកម្ពុជាគឺបងប្អូនទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានអត្ថប្រយោជន៍ច្រើនពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ព្រមទាំងទទួលបានការគាំពារសុខុមាលភាព ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀត ៕
















Previous Post Next Post