ភ្នំពេញ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការ មន្ទីអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង អញ្ជើញចុះពិនិត្យមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមណ្ឌលវិបល្លាសស្មារតី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីស្វែងយល់ និងចង់ដឹងបញ្ហាប្រឈមនៅទីនេះ។
មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យមណ្ឌលទាំង៣ នេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ កន្លងមកក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទៅលើមណ្ឌលទាំង៣នេះ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ បញ្ហាគ្រឿងញៀនគឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបង្ក្រាប ឱ្យខានតែបាន ហើយបញ្ហាគ្រឿងញៀននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរបស់យើង ជាក់ស្ដែងប្រសិនបើក្នុងសមាជិកគ្រួសារណាម្នាក់ មានអ្នកមានញៀនគ្រឿងញៀន នោះធ្វើឱ្យគ្រួសារនោះជួបនៅផលវិបាក កើតមានអំពើហិង្សា បាត់បង់សេដ្ឋកិច្ចគ្រួសារ នឹងអាចឈានទៅដល់បញ្ហាផ្សេងៗដែលយើងមិនអាចគិតទុកជាមុនបាន ទន្ទឹមនឹងនោះបញ្ហាគ្រឿងញៀន បានកើតឡើងលើយុវជនឬមនុស្សដែលពេញកម្លាំង ដែលពោរពេញទៅដោយសមត្ថភាពក្នុងការបំពេញការងារនានា ហើយប្រសិនបើយុវជន របស់យើងមានញៀនគ្រឿងញៀន នោះធ្វើឱ្យយើងបាត់បង់នូវកម្លាំងពលកម្ម ដែលធ្វើឱ្យប្រទេសជាតិរបស់យើងបាត់បង់នូវសេដ្ឋកិច្ចមួយផ្នែកផងដែរ។
បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានលើកឡើងពីជនមានវិបល្លាសស្មារតី ប្រសិនបើយើងបានយកគាត់មកមណ្ឌល ច្បាស់ណាស់យើងបានផ្ដល់អាហារជូនពួកគាត់បានគ្រប់គ្រាន់ និងបានផ្ដល់ការថែទាំ និងព្យាបាលជូនគាត់បាន តែបើយើងបណ្ដោយអោយគាត់ចេញទៅទីសាធារណៈនោះគាត់ខ្វះទីជម្រក ខ្វះអាហារគ្រប់គ្រាន់ គ្មានការថែទាំ អាចមានអំពើហិង្សា ដែលបណ្ដាលអោយគាត់មានអាយុខ្លី និងប៉ះពាល់ដល់សង្គមផងដែរ។
សូមបញ្ជាក់ផងដែរថា៖ ១. មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន អ្នកដែលបានទទួលការស្ដានីតិសម្បទាក្នុងឆ្នាំ២០២៥ គិតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ មានចំនួន ៦,៧៨៣នាក់ (ស្រី ៤០១នាក់) ក្នុងនោះបានធ្វើសមាហរណកម្ម ចំនួន ៤,៣៣០នាក់ (ស្រី ២៦៨នាក់) នៅសល់ជាក់ស្តែង ចំនួន ២,៤៥៣នាក់ (ស្រី ១៣៣នាក់), ២. មណ្ឌលយុវនីតិសម្បទា មានអនីតិជនកំពុងស្នាក់នៅក្នុងមណ្ឌល សរុបចំនួន ៤៧២នាក់ និង ៣. មណ្ឌលវិបល្លាសស្មារតី បច្ចុប្បន្នមានជនវិបល្លាសស្មារតីកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌល ដើម្បីទទួលសេវាថែទាំ ព្យាបាល និងស្តារនីតិសម្បទា មានចំនួនសរុប ២៩៥នាក់ (ស្រី ១២២នាក់) ៕