កំពង់ស្ពឺ ៖ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នាពេលខាងមុខនេះ ។ ការបើកកិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហើយមានការចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការកងអនុសេនាធំចល័ត និងនាយទាហាន នាយទាហានរង ។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះផងដែរ ដោយមើលឃើញពីកង្វះខាត នៃព៌ត័មាន និងពិបាកក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងកម្លាំងកងរាជអាវុធហត្ថ ពិសេសការព្រួយបារម្ភអំពីបញ្ហាសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺទាំងមូល នាពេលបច្ចុប្បន្ននេះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសម្រេចរៀបចំ និងដាក់ឲ្យប្រើប្រាស់លេខ Hot line 1292 នេះឡើង ព្រមទាំងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មាន អំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ ចំពោះបញ្ហាសន្តិសុខដែលពួកគាត់ជួបប្រទះក្នុងការប្រកបរបបប្រចាំថ្ងៃផងដែរ ដើម្បីងាយស្រួលដល់ការចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុតសម្រាប់ខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ផងដែរថា សម្រាប់លេខទូរស័ព្ទបន្ទាន់ 1292 (Hote Line) នេះ គឺទទួលការហៅចូលបានគ្រប់ប្រពន្ធ័ដោយមិនអស់លុយនោះទេ ។ហើយ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏សូមអធ្យាស្រ័យផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារកងរាជអាវុធហត្ថ គឺដើម្បីទុកពេលវេលានេះ ឲ្យក្រុមការងាររបស់យើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀត ដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ ។
លើសពីនេះទៀត លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជាទៅឲ្យនាយការិយាល័យជំនាញត្រូវយកចិត្តទុកដាក់បំផុត ចំពោះការងាររបស់ខ្លួនគឺ ប្រធានអង្គភាពទាំងអស់ ត្រូវត្រៀមរៀបចំកម្លាំង និងសម្ភារៈឲ្យបានរួចរាល់ ដើម្បីត្រៀមសម្រាប់ជួយសង្រ្គោះគ្រោះមហន្តរាយ ដែលអាចនឹងកើតមានជាយថាហេតុដោយប្រការណាមួយ ហើយចំពោះកងកម្លាំងទាំងអស់ រាល់ពេលចុះបំពេញការងារតួនាទី-ភារកិច្ច ត្រូវយកចិត្តទុកដាក់បំផុត និងប្រុងប្រយត្ន័ឲ្យបានខ្ពស់ ដោយប្រើកាយវិការម៉ឺងម៉ាត់ ម៉ត់ចត់ ពិសេសមិនត្រូវធ្វេសប្រហែស ចំពោះការងារឡើយ ។
និងបានបន្តទៀតថា លោកប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកទាំងអស់ ត្រូវណែនាំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ក្នុងការលេងបណ្តាញសង្គម ត្រូវប្រុងប្រយត្ន័មិនត្រូវផុសសំញ៉ែងអួតអាវុធ ឬផុសក្នុងន័យញុះញ៉ុងដោយប្រការណាឡើយ ព្រោះថាក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ កម្លាំងយើងទាំងអស់ ត្រូវត្រៀមចំណុចខ្ពស់ ២៤ម៉ោងលើ២៤ម៉ោង គឺហាមដើរហើរសេរីដោយគ្មានច្បាប់ គ្មានការអនុញ្ញាតជាដាច់ខាត ។ ក្រៅពីនេះទៀតរាល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ត្រូវចេះស្រលាញ់គោរពឲ្យតម្លៃគ្នាទៅវិញទៅមក ប្រើវប្បធម៌ចែករំលែកដល់គ្នានឹងគ្នា ចេះកែតម្រូវគ្នារាល់ពេលមានចំណុចខ្វះខាតផ្សេងៗ ពិសេសត្រូវចេះសាមគ្គីភាពផ្ទៃក្នុងជាថ្លុងមួយអោយបានល្អបំផុត។
ក្រៅពីនេះទៀត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាបន្ថែមទៀត សម្រាប់មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការអនុវត្តការងារ តួនាទី ភារកិច្ចបន្ថែមទៀត លើការងារបង្រ្កាបត្រូវរៀបចំបើកវគ្គបង្រៀនដល់កម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ដែលទទួលជំនាញជាប្រចាំ ដើម្បីចែករំលែកនូវបទពិសោធន៍ និងចំណុចខ្វះខាតផ្សេងៗ ដល់គ្នាទៅវិញទៅមកថែមទៀត ។ និងបានដាក់បទបញ្ជាបន្ថែមឲ្យតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្តក្រុង-ស្រុក ត្រូវធ្វើការល្បាតពេលយប់បន្តជាប្រចាំ ដើម្បីម្បី បង្ការ បង្ក្រាប សង្គ្រោះ ក្នុងការទប់ស្កាត់ នូវរាល់បទល្មើសដែលអាចកើតមានក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ហើយជាពិសេសក៏ត្រូវបន្ត ជួយសម្រួលចរាចរណ៍ដល់ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងមូលដ្ឋានពេលសិស្សពេញពីសាលារៀនផងដែរ ។ ហើយមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ត្រូវបន្តអបរំផ្សព្វផ្សាយដល់ សិស្សានុសិស្សតាមសាលារៀនទូទាំងខេត្តកំពង់ស្ពឺនូវផលប៉ះពាល់អំពីការប្រើប្រាស់គ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង ដើម្បីសង្គមជាតិ និងក្មេងៗជំនាន់ក្រោយ ។
ហើយជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្ថែម ថាសម្រាប់ថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ និងមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចច្នេះហើយ ដើម្បីធានា សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃប្រឡងខាងមុខនេះ សូមឲ្យកម្លាំងទាំងអស់ ដែលមានឈ្មោះក្នុងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់ ទទួលខុសត្រូវឲ្យបានខ្ពស់ នៅតាមគោលដៅរៀងៗខ្លួន ។ និងជាពិសេស លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងកើតសរសើរដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ដែលកន្លងមកបានអនុវត្ត តួនាទី-ភារកិច្ចបានយ៉ាងល្អ ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ ព្រមទាំងទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋផងដែរ ហើយរាល់ចំណុចខ្វះខាត ដែលមានគួរតែកែតម្រូវចេញ ៕
រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីខេត្តកំពង់ស្ពឺយើង !!!