ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសខ្លួន និងក្រុមការងារដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្ដម សួស យ៉ារ៉ា បានថ្លែងអំណរគុណ និងលើកទឹកចិត្តយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនដល់បងប្អូនជនភៀសខ្លួន ក្នុងគ្រាដ៏លំបាកនៃការភៀសខ្លួនចេញពីភូមិឋាន ដោយសារសង្គ្រាមឈ្លានពានរបស់កងយោធាថៃមកលើកម្ពុជា ៕

















