ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងគណៈស្នងការ បានចុះសួរសុខទុក្ខ សំណេះសំណាលអតីតយុវជនជាសម្ព័ន្ធមេត្រីភាពចំនួន ១៨គ្រួសារ ដែលបច្ចុប្បន្នកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ទោ ស ថេង បានមានប្រសាសន៍ថា អ្វីៗដែលបានកើតមានឡើងក្នុងបច្ចុប្បន្ននេះ ពិសេសគឺសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល ពោរពេញដោយស្នាមញញឹមនិងការអភិវឌ្ឍន៍ ចាប់ពីទីក្រុងដល់ជនបទទាំងនេះគឺជាគុណបំណាច់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ក្នុងការធ្វើពលិកម្មគ្រប់សព្វឧបសគ្គស្ទើរពេញមួយជីវិត។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលឹកបន្ថែម សូមឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់នាំគ្នាចូលរួមថែរក្សាការពារនូវសន្តិភាព ដែលបានមកពីញើសនិងឈាមរបស់យើងគ្រប់ៗគ្នា ឱ្យបានគង់វង្សដើម្បីភាពសុខសាន្តដល់កូនចៅជំនាន់នេះនិងជំនាន់ក្រោយ។ ទន្ទឹមនេះខិតខំចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីទទួលបានប្រសិទ្ធភាពពិតប្រាកដ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស ថេង ព្រមទាំងគណៈស្នងការ ក៏បានពាំនាំនៅអំណោយជូនទាំង ១៨គ្រួសារដោយក្នុងនោះមួយគ្រួសារទទួលបានរួមមាន៖ មី ០១កេស, ទឹកស៊ីអ៉ីវ ០១យួរ, ទឹកត្រី ០១យួរ, ត្រីខ ០១យួ,រ ទឹកសុទ្ធ ០១យួរ, ភេសជ្ជៈ ១កេស, អង្ករ ២០គីឡូក្រាម, ថវិកាចំនួន ៥ម៉ឺនរៀល និងបានផ្តល់ថវិកាដល់កម្លាំងនៅប្រចាំការ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង និងប្រជាការពារ ក្នុងម្នាក់ ៥ម៉ឺនរៀល។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានចុះត្រួតពិនិត្យ ពង្រឹងការងារ សួរសុខទុក្ខ និងនាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនកងកម្លាំងដែលប្រចាំការ រក្សាសន្តិភាព សុវត្ថិភាព ជូនគ្រួសារអតីតយុទ្ធជន នៃភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងផងដែរ ៕