ភ្នំពេញ៖ ដោយមានការណែនាំ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍ អំពីស្ថានភាពលក្ខណៈភូមិសាស្ត្រខេត្ត កិច្ចការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រតិបត្តិការ ព្រមទាំងរចនាសម្ព័ន្ធ ស្ថានភាពកងកម្លាំងនគរបាលខេត្តកំពង់ធំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានគណៈអធិបតី ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព នាឱកាសនេះ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានរំលេចអំពីស្នាដៃគុណបំណាច់របស់កងកម្លាំង រយៈពេលកន្លងមកសម្រេចបានជោគជ័យ ជាបន្តបន្ទាប់ ក្នុងបេសកកម្មការពារជាតិមាតុភូមិ នាឱកាសប្រារព្ធពិធីបុណ្យជាតិ និងអន្តរជាតិ ជាពិសេសខេត្តរៀបចំពិធីសំខាន់ៗ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាល ដែលបានលះបង់កម្លាំងកាយចិត្ត សេចក្ដីសុខផ្ទាល់ខ្លួន អនុវត្តតួនាទីភារកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសរសើរចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលប្រមូលផ្ដុំកងកម្លាំងប្រកបដោយភាពអង់
អាចក្លាហាន និងបានត្រៀមលក្ខណៈរួចជាស្រេច ចំពោះសម្ភារៈ មធ្យោបាយ រង់ចាំអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាបូរណភាពអធិបតេយ្យភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានមានប្រសាសន៍បូកសរុប វាយតម្លៃ និងដាក់ចេញនូវទិសដៅ ១៤ចំណុច ដល់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងយកទៅអនុវត្ដឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៖
១. ត្រូវបន្តអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវកំណត់កម្មវិធីដឹកនាំប្រជុំ ត្រួតពិនិត្យ ដោះស្រាយការងាររបស់អង្គភាពចំណុះតាមកាលកំណត់ ឬ តាមភាពចាំបាច់នៃការងារ។
២. បន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនៅ មូលដ្ឋាន ឱ្យកាន់តែសកម្មស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត។ ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ និងចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តការងារនៅមូលដ្ឋាន ដើម្បីផ្តល់ការគាំទ្រ លើកទឹកចិត្តដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាន ដែលអនុវត្តសកម្ម។ បន្ថែមលើនេះត្រូវជំរុញការ ចុះបង្ក្រាបបទល្មើឆបោកតាមអនឡាញ ការលេងល្បែងអន ឡាញ និងល្បែងស៊ីសងខុសច្បាប់ នៅតាមទីតាំងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយជនបរទេសដែលរកឃើញត្រូវធ្វើការចាត់បញ្ជូនទៅអគ្គនាយដ្ឋានអន្តោប្រវេសន៍ តាមនីតិវិធីឱ្យបានឆាប់ ដើម្បីបណ្តេញចេញ។ ចំណែកឯជនល្មើស ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវីធី។
៣. រៀបចំផែនការត្រួតពិនិត្យ និងឆែកឆេរអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ បែបចំហ និងតាមបែបរដ្ឋបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយកំណត់ពេលវេលា និងទីតាំងត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ពិនិត្យ និងសម្រេចលើផែនការនេះពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មុនចាត់តាំងអនុវត្ត។
៤. ពង្រឹងការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឱ្យបានរៀបរយល្អ ដោយផ្តោតលើកវិធានការអប់រំ និងវិធានការរដ្ឋបាលជាធំ ជាជាងការផាកពិន័យ (អនុវត្តដោយភាពបត់បែន រស់រវើក បញ្ចៀសឱ្យបានរាល់សកម្មភាពអសកម្មដែលនាំឱ្យមាន ការរិះគន់ពីសាធារណៈមតិ)។
៥. លុបបំបាត់ឱ្យបាន នូវរាល់សកម្មភាពរបស់ក្មេងទំនើង ដែលបង្កភាពភ័យ ខ្លាច និងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ជាពិសេសនូវរដូវបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំ បិណ្ឌនាពេលខាងមុខ។
៦. បង្កើនវិធានការគ្រប់គ្រងមនុស្ស ជាពិសេសប្រជាពលរដ្ឋ ដែលវិលមកពីប្រទេសថៃ (មានបញ្ជីគ្រប់គ្រង នឹងតាមដានសកម្មភាពឱ្យបានហ្មត់ចត់) ព្រមទាំងជួយផ្សព្វផ្សាយអំពីទីផ្សារការងារដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
៧. បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិន័យ និងការគោរពក្រមសីលធម៌។
៨. ត្រូវបន្តពង្រឹងការគ្រប់គ្រង កម្លាំងឱ្យបានហ្មត់ចត់ តាមរយៈការគ្រប់គ្រងបញ្ជីវត្តមាន ឬការប្រជុំជួរ ការត្រួតពិនិត្យការគ្រងឯកសណ្ឋាន និងពាក់សញ្ញាសម្គាល់នគរបាលជាតិ ឱ្យបានត្រឹមត្រូវ តាមការកំណត់ នៃបទវិន័យនគរបាលជាតិ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
៩.ផ្សព្វផ្សាយអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ កុំឱ្យមានការរើសអើង ដែលអាចបង្កឱ្យមានទំនាស់ជាតិសាសន៍ទៅវិញទៅមកធ្ងន់ធ្ងរ ជាពិសេសត្រូវចៀសវាងនូវរាល់ការផ្សព្វផ្សាយព័ត៌មាន បញ្ចេញមតិ បង្ហោះរូបភាព ឬធ្វើសកម្មភាពដោយខ្វះការពិចារណា ដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តបទឈប់បាញ់ និងប៉ះពាល់ដល់ការរកទទួលទានរបស់បងប្អូនប្រជាពរដ្ឋខ្មែរដែលមានសញ្ញាសម្គាល់ជារបស់ថៃ។
១០. ត្រូវចូលរួមចំណែកក្នុងការអប់រំ និងពន្យល់ប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានយល់អំពីជំហរគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយត្រូវរក្សាឱ្យបានដាច់ខាតនូវភាពថ្លៃថ្នូរ អត់ធ្មត់។
១១. អនុវត្តឱ្យបានខ្ជាប់ខ្លួនសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ទាក់ទងនឹងការបង្ហោះ Drones។
១២. ត្រូវធ្វើបច្ចុប្បន្នភាព Drones និងធ្វើចំណាត់ថ្នាក់តាមប្រភេទនៃ Drones ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់។
១៣. ធ្វើរបាយការណ៍ប្រចាំថ្ងៃអំពីការបង្ហោះ Drones ទាំងការបង្ហោះក្នុងស្រុក ទាំងមកពីខាងក្រៅ ដោយត្រូវស្រាវជ្រាវរកប្រភព និងរកម្ចាស់តាមលទ្ធភាព ដែលអាចធ្វើទៅបាន។
១៤. ក្រៅពីការដឹកនាំប្រតិភូចុះសុខទុក្ខ ឧបត្ថម្ភ គាំទ្រជួរមុខ ស្នងការដ្ឋានក៏ត្រូវរៀបចំបង្កើតឱ្យមានកងអនុសេនាតូច ដោយត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីគាំទ្រដល់សមរភូមិមុខ ក្នុងករណីចាំបាច់ ឬមានតម្រូវការ។ សកម្មភាពទាំងនេះ បានបង្ហាញអំពីសុឆន្ទៈរបស់កងកម្លាំង ក្នុងនាមគ្រួសារនគរបាលជាតិ រួមគ្នាទប់ទល់នូវមហិច្ឆិតាឈ្លានពានរបស់សត្រូវ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា បានប្រគល់អំណោយ ដែលជាការឧបត្ថម្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រួមមាន៖ ថវិកាចំនួន ១៦,០០០,០០០រៀល, អង្ករចំនួន ០៤តោន, ទឹកបរិសុទ្ធ ២០០ កេស, មី ៥០កេស និង ត្រីខ ២០កេស ៕