ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ចែកស្បៀង និងសម្ភារៈ ដល់ក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៧គ្រួសារ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ដោយគ្រួសារទី១. ឈ្មោះ នៅ ហាក់រ៉ុន រស់នៅភូមិកុមារមាស, គ្រួសារទី២. ឈ្មោះ វ័ន ស្រីមុំ រស់នៅភូមិកុមារមាស, គ្រួសារទី៣. ឈ្មោះ ជា ឡាង រស់នៅភូមិកុមារមាស, គ្រួសារទី៤. ឈ្មោះ ថន ស្រីនាង រស់នៅភូមិកុមារមាស, គ្រួសារទី៥. ឈ្មោះ ខុម ស្រីណុច រស់នៅភូមិកុមារមាស, គ្រួសារទី៦. ឈ្មោះ យ៉ាវ មិត្ត រស់នៅភូមិថ្មគប់ និងគ្រួសារទី៧. ឈ្មោះ លឹម គឹមលន់ រស់នៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ព្រោះតែក្តីបារម្ភអំពីសុខទុក្ខក្រុមគ្រួសារវីរៈកងទ័ពសមភូមិមុខ ដែលស្តែងចេញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លាស្មេហាជាតិមាតុភូមិ ក្នុងនាមបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ នាឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោក ម៉េង ស្រ៊ុន បាននាំយកថវិការមួយចំនួន សម្ភារៈ គ្រឿងឧបភោគបរិភោគ ដោយក្នុងមួយគ្រួសារទទួលបាននូវ៖ថវិកាចំនួន ៥០,០០០រៀល, អង្ករ ២បេ, ទឹកសុទ្ធ ១កេស, មី ១កេស, គុយទាវភ្នំពេញ ១ថង, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខ ១យួរ, សាច់ក្រក ១ថង, ត្រីងៀត ១ថង, បាយប្រអប់ ២ប្រអប់ និងថ្នាំពេទ្យ ១ឈុតថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ម៉េង ស្រ៊ុន ក៏បានផ្តាំផ្ញើរសួរសុខទុក្ខពីចម្ងាយតាមរយៈក្រុមគ្រួសារព្រមទាំងចូលរួមលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះបងប្អូនវីរៈកងទ័ពនៅសមរភូមិមុខដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋទាំងអស់។
ជាចុងក្រោយក្រុមគ្រួសារកងទ័ពជួរមុខទាំង៧គ្រួសារ បានសម្តែងនូវអារម្មណ៍រំភើបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ម៉េង ស្រ៊ុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់ គាត់ពិតជាមានសេចក្តីសោមនស្សរីករាយ រំភើបរខ្លាំងណាស់ ដែលលោកបានយកចិត្តទុកដាក់និងបានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារពួកគាត់។ហើយពួកគាត់ក៏សូមជូនពរជ័យសេរីមង្គលដល់ លោក ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕