ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៥ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកែប។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមអន្តរាគមន៍ ប្រធានគោលដៅប្រចាំការសាលាខេត្ត គោលដៅតំបន់ទេសចរណ៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ សរុបចំនួន១៣២នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែសីហា អានសេចក្តីសម្រេចលេខ២៤២សសរ.អនប របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយផែនការលេខ០១៨ ផ.ក របស់ស្នងការដ្ឋាននគរបាលខេត្តកែប ស្តីពីការការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ និងមតិចូលរួមពីបណ្តាប្រធានផែនការងារ នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាល អំពីលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារប្រចាំខែរបស់រួចមក។
មានប្រសាសន៍បូកសរុបអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឯកភាពនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម កន្លងមកកងកម្លាំងនគរបាលយើងបានយកអស់កម្លាំងកាយចិត្តខិតខំប្រឹងប្រែងបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរជូនសង្គមជាតិនិងប្រជាពលរដ្ឋ។
ទន្ទឹមនេះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំផែនការងារ ការិយាល័យ អធិការនគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យបន្ថែមទៀត ដោយផ្តោតសំខាន់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ឱ្យទទួលបានជោគជ័យតាមការរំពឹងទុក ពង្រឹងការងារជំនាញ ការងាររដ្ឋបាលក្នុងការបង្ការបង្រ្កាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង ធានាបានសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ បន្តអនុវត្តគោលការណ៍សេចក្តីណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ យកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងការពន្លឿនការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ គ្រប់គ្រងការស្នាក់នៅជនបរទេសរយៈពេលវែង ខ្លី ពង្រឹងគ្រប់គ្រងកម្លាំងកងអនុសេនាតូចទាំង២កង ដើម្បីត្រៀមគ្រប់លក្ខណៈសម្បត្តិគាំទ្រសមរភូមិមុខ ចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប បន្តណែនាំលើការងារប្រមូលផ្ដុំកម្លាំង ប្រចាំការ ប្រចាំបញ្ជា និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងផងដែរ ៕