ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃកិច្ចប្រជុំជំនាញបច្ចេកទេស កិច្ចប្រជុំអន្ដរក្រសួង កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ និងកិច្ចប្រជុំផ្សេងទៀត ក្នុងការពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត សេចក្ដីព្រាងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងឯកសារផ្សេងទៀត ដែលត្រូវឆ្លងនីតិវិធីតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំផ្ទៃក្នុងនេះ មានគោលបំណងពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវគុណភាព ប្រសិទ្ធភាព សមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្រ្តី ពិសេសពាក់ព័ន្ធនឹងកិច្ចការអន្តរក្រសួង និងការរៀបចំកិច្ចប្រជុំ ដែលជាមុខងារស្នូលមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងស្របតាមស្មារតីនៃអនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាន នៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក៏ដូចជាអភិក្រមការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសម្រេចបាននូវជោគជ័យបន្ថែមទៀត និងទទួលបានទំនុកចិត្តពីសម្តេចធិបតីនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ៕