ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តស្បូវរីក ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច និងវត្តកែវឧត្តម (ហៅវត្តកណ្តាល) ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ពិធីបុណ្យចូលព្រះវស្សាគឺជាបុណ្យដែលមានមកតាមមាគ៌ាព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវគង់ចាំព្រះវស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ បុណ្យចូលវស្សា ជាឱកាសអនុញ្ញាតដល់ពុទ្ធបរិស័ទ លោកមានសទ្ធាបំពេញ បុណ្យកុសលតាមសទ្ធាជ្រះថ្លា រៀងៗខ្លួនដោយការបរិច្ចាគទាន ចំពោះព្រះសង្ឃ។
តាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ក្នុងអំឡុងពេលចូលវស្សា ព្រះសង្ឃ គឺពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ។ ពោលគឺជាពេលមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យផ្សេងៗ។ ដូច្នេះ ពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនុកបម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើម សម្រាប់ប្រគេនព្រះសង្ឃនៅក្នុងរដូវកាលដែលព្រះសង្ឃគង់ចាំព្រះវស្សានេះ ៕