ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ចុះទស្សនកិច្ចរោងចក្រផលិតទុយោ TCU និងរោងចក្រផលិតទឹកស្អាតក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ការវិនិយោគឯកជន និងកំណើនវិស័យទឹកស្អាត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ចុះទស្សនកិច្ចរោងចក្រផលិតទុយោ TCU និងរោងចក្រផលិតទឹកស្អាតក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ការវិនិយោគឯកជន និងកំណើនវិស័យទឹកស្អាត



ភ្នំពេញ៖ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតទុយោទឹក TCU និងរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ ដើម្បីជំរុញការវិនិយោគឯកជនប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។


នៅក្រុមហ៊ុន LTKJ (Cambodia) Co., Ltd. ដែលដំណើរការរោងចក្រផលិតទុយោ TCU ឯកឧត្តមរដ្ឋមន្ត្រី បានទស្សនកិច្ចខ្សែច្រវាក់ផលិតកម្ម និងបន្ទប់ពិសោធន៍របស់ក្រុមហ៊ុន។ រោងចក្រផលិតទុយោ TCU ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ លើផ្ទៃដី ៨០.០០០ម៉ែត្រការ៉េ និងមានបុគ្គលិកប្រមាណ ១២០នាក់ រួមទាំងបុគ្គលិកជនជាតិខ្មែរប្រមាណ ១០០នាក់ផងដែរ។


ក្រុមហ៊ុនផលិតទុយោច្រើនប្រភេទ រួមមានទុយោទឹកស្អាត  លូជ័រ ទុយោទឹកក្ដៅ/ត្រជាក់ ទុយោយូភីវីស៊ីខ្សែភ្លើង និងលូរង្វាន់ដែក ដោយផ្គត់ផ្គង់ដល់រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងគម្រោងអភិវឌ្ឍន៍នានា។


ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរចំពោះការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ឯកឧត្តម​បាន​លើកឡើង​ថា​៖ “​​កម្ពុជាកំពុង​​អភិវឌ្ឍ ហើយយើង​ត្រូវ​ការ​ផលិតផល​ទុយោដែល​មាន​គុណភាពខ្ពស់កាន់តែច្រើន​បន្ថែម​ទៀត ​ដើម្បី​សម្រេច​គោលដៅ​ឆ្នាំ​២០៣០ របស់​យើង​។ ដូច្នេះ ក្រុមហ៊ុនមានឱកាសច្រើនក្នុងការពង្រីកចំណែកទីផ្សាររបស់ខ្លួន ហើយសូមសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្របសម្រាប់ប្រតិបត្តិករទឹកឯកជន ក្នុងការទិញទុយោដែលមានគុណភាពខ្ពស់ទៅប្រើប្រាស់”។


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ TCU រួមចំណែកអភិវឌ្ឍស្តង់ដាកម្ពុជាសម្រាប់ទុយោទឹកស្អាត ដោយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំបន្ថែមថា៖ “សូមរៀបចំកម្មវិធីទស្សនកិច្ចសិក្សា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងខិតខំស្វែងរកឱកាសដើម្បីនាំចេញ ខណៈដែលវិស័យឡូជីស្ទីកកម្ពុជាកំពុងមានភាពប្រសើរឡើង”។


តំណាងក្រុមហ៊ុនបានបង្ហាញឆន្ទៈសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការបង្កើតស្តង់ដាទុយោ និងលើកកម្ពស់សមត្ថភាពធ្វើតេស្តទុយោរបស់មន្ទីរពិសោធន៍។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្តល់ឧបករណ៍មន្ទីរពិសោធន៍ជូនដល់ក្រសួង ដើម្បីពង្រឹងប្រព័ន្ធវិញ្ញាបនបត្រកម្ម ស្តង់ដាជាតិ និងជំរុញការនាំចេញផលិតផលទុយោនាពេលអនាគត។


បន្ទាប់ពីដំណើរទស្សននៅកិច្ចរោងចក្រផលិតទុយោ TCU ឯកឧត្តមរដ្ឋមន្ត្រី បានបន្តចុះទស្សនកិច្ចរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុនបុរីកម្មករក្នុងខេត្តកំពង់ស្ពឺ ដែលផ្គត់ផ្គង់ទឹកស្អាតដល់រោងចក្រសហគ្រាសឧស្សាហកម្ម និងតំបន់លំនៅដ្ឋាន ក្នុងតំបន់ប្រតិបត្តិការចំនួន៣ នៃខេត្តកំពង់ស្ពឺ ដែលជាខេត្តមានរោងចក្រធុនធំជាង ៤០០មូលដ្ឋាន។


ក្នុងដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនបានបង្ហាញពីប្រតិបត្តិការ និងផែនការរបស់ខ្លួន រួមទាំងការធ្វើទំនើបកម្មប្រព័ន្ធ ដោយប្រើបច្ចេកវិទ្យា SCADA និង GIS ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការផងដែរ។


ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមហ៊ុន ទាំងក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការវិនិ​យោគផ្សេងៗទៀត រួមទាំងក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ការគ្រប់គ្រងសំរាម និងវិស័យបដិសណ្ឋារកិច្ច។ 


ឯកឧត្តមរដ្ឋមន្ត្រី ​បានណែនាំឱ្យក្រុមហ៊ុនបន្ត​កែលម្អ​ប្រតិបត្តិការជា​បន្តបន្ទាប់ ដោយលើកឡើង​ថា​៖ “ទឹកស្អាត​ជា​សេវា​សង្គម​ចាំបាច់​ដែល​មានផលប៉ះពាល់ផ្ទាល់​ដល់​សុខភាព​សាធារណៈ​​។ សូមកុំស្កប់ស្កល់ជាមួយនឹងប្រតិបត្តិការបច្ចុប្បន្ន។ បច្ចេកវិទ្យាវិវត្តលឿនណាស់ ប្រតិបត្តិករនៅក្នុងប្រទេសមួយចំនួនប្រើ AI ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ គ្រប់គ្រងសម្ពាធទឹក និងចេញវិក្កយបត្រជាដើមហើយ។ ដូច្នេះ ក្រុមហ៊ុនក៏ត្រូវបន្តធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន និងស្វែងរកវិធីបង្កើនប្រសិទ្ធភាពបន្ថែមទៀត”។


ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនពង្រីកសេវាឱ្យបាន១០០% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន ដោយផ្តល់សេវាសម្រាប់ទាំងតំបន់ប្រជុំជន និងតំបន់មិនសូវមានប្រជាជនរស់នៅ ព្រមទាំងពិចារណាតម្រូវការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។


ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីកែទម្រង់វិស័យទឹកស្អាត។ ក្រសួងបានបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេស ដើម្បីចុះវាយតម្លៃសមត្ថភាពប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ហើយថ្មីៗនេះ បានចេញសេចក្តីណែនាំឱ្យប្រតិបត្តិករផ្ញើរបាយការណ៍ប្រតិបត្តិការពេញលេញ និងផែនការវិនិយោគរយៈពេលមធ្យម មកក្រសួង ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឯកជនប្រកបដោយការទទួលខុសត្រូវ និងជំរុញវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.១ ៕























Previous Post Next Post