ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក រ៉ូប៊ើត ហូលណើស មន្ត្រីទំនាក់ទំនង នៃទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្ម (NCA) ប្រចាំកម្ពុជា វៀតណាម ឡាវ នៅទីស្ដីការក្រសួងមហាផ្ទៃ។
គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង NCA និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យកាន់តែជិតស្និទ និងទូលំទូលាយបន្ថែមទៀត ដោយផ្អែកទៅលើអនុស្សរណៈនៃការយោគយល់គ្នា ដែលភាគីទាំងពីរបានអនុវត្តកន្លងមក និងពិនិត្យលទ្ធភាពសិក្សាលើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់គ្នាថ្មី សំដៅបច្ចុប្បន្នភាព សភាពការណ៍ នៃបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ៕











