ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំដំណាក់រាំង បានរៀបចំពិធី «រុក្ខទិវា ៩ កក្កដា» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ រដ្ឋបាលស្រុក រដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ដ និងក្រុមការងារឃុំសរុបប្រមាណ៣០០រូប។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង បានថ្លែងថា៖ ពិធីបុណ្យ «រុក្ខទិវា ៩ កក្កដា» នាឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ ដែលយើងតែងតែប្រារព្វឡើងក្នុងគោលបំណងបណ្តុះនៅផ្នត់ គំនិត ឆន្ទៈ ក្នុងការស្រឡាញ់ និងចូលរួមថែរក្សានៅធនធានធម្មជាតិ ហើយក៏បង្ហាញពីស្មារតីសាមគ្គីភាពរបស់បងប្អូនពលរដ្ឋខ្មែរយើងផងដែរ។
ឯកឧត្តម ឈួរ សុបញ្ញា បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺយកចិត្តទុកដាក់ខ្ពស់លើចំណុចអាទិភាពចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយក៏មានយុទ្ធសាស្ត្រចក្រាវិស័យ របស់ក្រសួងបរិស្ថានផងដែរ ដែលក្នុងន័យនេះគឺដើម្បីថែរក្សា ការពារនិងបណ្តុះកូនឈើឡើងវិញ ទាក់ទាញភ្ញៀវទេសចរណ៍ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងកំណើនសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០ផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានថ្លែងថា ដើមឈើគឺជាផ្នែកមួយនៃបរិស្ថានធនធានធម្មជាតិ ដែលបង្កើតនៅស្រទាប់ការពារផែនដី ហើយក៏ជាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់របស់ភពផែនដីផងដែរ។ បន្ថែមលើនេះ កត្តានៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ ធ្វើឱ្យមានការកើនឡើងនៅកម្តៅ និងការប្រែប្រួលអាកាសធាតុ ដូចនេះហើយការចូលរួមដាំដើមឈើគឺជាផ្នែកមួយក្នុងការចូលរួកថែរក្សា ក៏ដូចជាបណ្តុះនៅផ្នត់គំនិតស្រឡាញ់នូវធនធានធម្មជាតិរបស់យើង។ ឯកឧត្តមក៏សំណូមពរឱ្យបងប្អូនពលរដ្ឋចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ ក្នុងមូលដ្ឋានឃុំ ក៏ដូចជាគ្រប់កន្លែង ៕


























