ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម លើកទី២ ។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ក្រសួងមហាផ្ទៃកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំត្រីភាគីនេះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។
បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ កម្មវិធីសំខាន់នាឱកាសកិច្ចប្រជុំនោះ មានជាអាទិ៍ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីដាច់ដោយឡែក រវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ និងរវាងប្រមុខក្រសួងមហាផ្ទៃកម្ពុជា ជាមួយរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ ក្រៅពីនេះ គឺកិច្ចប្រជុំត្រីភាគី និងជំនួបសម្ដែងការគួរសម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមរម្លឹកថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម លើកទី១ បានធ្វើឡើងនៅប្រទេសវៀតណាម។ កិច្ចប្រជុំនេះនឹងផ្តល់ឱកាសឱ្យភាគីទាំងបីបានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងប្រសិទ្ធភាពការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូល ជាពិសេសលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការថែរក្សាតំបន់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ព្រមទាំងធានាសន្តិសុខ និងសណ្តាប់ធ្នាប់ប្រទេសរៀងខ្លួន និងក្នុងតំបន់ ៕











