ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តស្វាយរៀង បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក., ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក., ឯកឧត្តមប្រធានសាលាដំបូងខេត្តស្វាយរៀង, ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលរងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តស្វាយរៀងចំនួនប្រមាណ ២២០នាក់។
តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាឱកាសនេះ រវាង អ.ដ.ក. និងរដ្ឋបាលខេត្តស្វាយរៀង គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការពង្រឹងយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងក៏ដូចជាការរួមចំណែកបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពកាន់តែលឿនឆាប់រហ័ស ត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕
































