ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្រោមមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ កំពុងជំរុញទីផ្សារឥណទានកាបូន និងកាលានុវត្តភាពវិនិយោគបៃតងយ៉ាងទូលំទូលាយសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ។ នេះបើយោងតាមការថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសន្និសីទស្តីពី ការបង្កើតកិច្ចសហការរួមគ្នា កម្ពុជា-ជប៉ុន លើកទី៣ ឆ្ពោះទៅកាន់ការបង្កើតប្រព័ន្ធអេកូឡូស៊ី និងនវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បៃតង និងលំហអាកាសមកពីប្រទេសជប៉ុន នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់លើយន្តការសំខាន់ៗរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលរួមមានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីវិស័យសំខាន់ៗរួមាន ថាមពល ផលិតកម្មឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។ ឥណទានទាំងនេះអាចធ្វើពាណិជ្ជកម្មសម្រប់ប្រទេសមួយចំនួនដែលត្រូវការសម្រាប់ប្រើប្រាស់ដើម្បីសម្រេចគោលដៅផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាមួយគ្នានេះ កម្ពុជាក៏មានគោលដៅប្រែក្លាយជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
សូមជម្រាបជូនថា កម្ពុជាបានដាក់ចេញនូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដំណាក់កាល ដោយក្នុងនោះមានផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដំណាក់កាលទី១ (iNDC) កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ២៧%។ បច្ចុប្បន្នភាពផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដំណាក់កាលទី២ (NDC 2.0) កំណត់គោលដៅកាត់បន្ថយ ៤២.៧% ពីវិស័យចំនួន៥ ដោយមិនទាន់បានដាក់បញ្ចូលវិស័យគិមី/សារធាតុរំលាយ និងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដំណាក់កាលទី៣ (NDC 3.0) ដែលកំពុងរៀបចំដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយកំណត់គោលដៅ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៥៧% ហើយដើម្បីសម្រេចគោលដៅទាំងនេះ កម្ពុជាត្រូវការថវិកាពីដៃគូ និងសហគមន៍អន្តរជាតិ។ បច្ចុប្បន្ននេះក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) កំពុងខិតខំរៀបចំខ្លួនឱ្យក្លាយជាអង្គភាពមានសម្បទា (Accredited Entity) សម្រាប់មូលនិធិអាកាសធាតុបៃតង (Green Climate Fund) ដែលនឹងទទួលហិរញ្ញប្បទានដោយផ្ទាល់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុសកល ៕

















