ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន ៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង (មានរន្ធគ្រាប់បែក)។
សូមបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិន គ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ ទន្ទឹងនឹងនេះគ្រាប់បែកត្រកូលMKនេះ មានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះF-16 និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះ អាចដឹកគ្រាប់បែកMK-84ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជេីង។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ពួកអគតិដែលបានលាបពណ៌ថា គ្រាប់បែក MK-84 នេះ ជាគ្រាប់បែកចាស់នោះ ឯកឧត្តម ហេង រតនា ក៏បានគូសបញ្ជាក់ថា បើពិតជាមានករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហេីយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ច្រែសសុីដែកជ្រៅៗ ទន្ទឹងនឹងនេះរណ្តៅគ្រាប់ផ្ទុះ រណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ អ្នកណាសង្ស័យអាចអញ្ជេីញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន! ៕











