ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បានអញ្ជើញដឹកនាំប្រតិភូនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បាននាំយកបច្ច័យចំនួន ២,០០០,០០០រៀល និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។
ក្នុងឱកាសដ៏សោកសង្រេង និងក្ដុកក្ដួលបំផុតនេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ក៏បានសំដែងនូវសារមានទុក្ខ និងចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់លោកវរសេនីយ៍ត្រី លៀម សំពៅមាស ដែលបានពលីក្នុងសង្គ្រាមឈ្លានពានពី ប្រទេសថៃ ដែលការបាត់បង់នេះ គឺជាការបាត់បង់កុលបុត្រខ្មែរ មួយរូបដ៏អស្ចារ្យ និងបាត់បង់ធនធានការពារជាតិមួយរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបន្តថា វីរភាពដ៏អង់អាចក្លាហានក្នុង ការលះបង់ដ៏ធំធេងរបស់លោកវរសេនីយ៍ត្រី លៀម សំពៅមាស សម្រាប់បុព្វហេតុការពារទឹកដី និងប្រជាជននាពេលនេះ និងធ្វើឱ្យប្រជាជនកម្ពុជានៅទូទាំងប្រទេសចងចាំជានិច្ចមិនអាចបំភ្លេចបាន។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ត្រី លៀម សំពៅមាស សូមបានសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕













