ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានគាំទ្រយ៉ាងពេញទំហឹងចំពោះ ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ប្រកបដោយយុទ្ធសាស្ត្រដ៏ច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញ ទំហឹងចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់ អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទាហ៊ានថៃ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជួយគាំទ្រដល់កងកម្លាំងនៅជួរមុខទាំងកម្លាំងស្មារតី និងសម្ភារៈផ្សេងៗ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការចលាចល ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារ និងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
ការលើកឡើងបែបនេះគឺក្នុងឱកាស ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តមអភិបាល ខេត្តត្បូងឃ្មុំ ឯកឧត្តមទ្រីប្រឹក្សា ជំនួយការ ឯកឧត្តម លោកជំទាវ លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងគ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាដល់វត្តចំនួន ៤ រួមមាន៖ វត្តសិរីមង្គល (ហៅវត្តចុងជាច), វត្តគិរីមានជ័យ (ហៅវត្ត ពន្លាក), វត្តនទីសុវណ្ណារាម (ហៅវត្តតារាម) និងវត្តសុវណ្ណគិរីគង់សំរឹទ្ធ (ហៅវត្តភ្នំទូល) ដែលពិធីនេះបានធ្វើឡើងទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅវត្តសិរីមង្គល ដែលស្ថិតក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានមានប្រសាសន៍បន្តថា ការចូលព្រះវស្សាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទរយៈពេល ៣ខែចាប់ ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃ មិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូតលុះកំណត់ចេញព្រះវស្សាតាមបញ្ញត្តិព្រះពុទ្ធសាសនា។ ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ សាដក និងគ្រឿងសម្ភារៈដ៏ទៃទៀតទៅវេរប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត រួមជាមួយឯកឧត្តម លោកជំទាវសមាជិក សមាជិការដ្ឋសភា និងក្រុមការងារ បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុមួយចំនួនដល់វត្តសិរីមង្គល វត្តគិរីមានជ័យ វត្តនទីសុវណ្ណារាម និងវត្តសុវណ្ណគិរីគង់សំរឹទ្ធ ដែលវត្តនីមួយៗ ទទួលបាន ទៀនព្រះវស្សា១គូ អង្ករ ទឹក ក្រូច ទឹកសុទ្ធ មី ត្រីខទឹកដោះគោ ស្ករស តែ ទឹកត្រី ទឹកស៊ីអ៊ីវ សាដក និងប្រគេនបច្ច័យក្នុងមួយវត្តៗចំនួន២លានរៀល ដោយឡែកវត្តសិរីមង្គល ហៅវត្ត "ចុងជាច"ទទួលបានបច្ច័យកសាងវត្តចំនួន ៦លានរៀលផងដែរ ៕



















