ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ មាន ឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម សន សារ៉ាណា ឯកឧត្តម យិន ប៊ុនណាង និងលោកជំទាវ សាន្ត អរុណ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិដ្ឋានចិញ្ចឹមគោរបស់លោក ហ៊ត លាង ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
តាមប្រសាសន៍លោក ហ៊ត លាង ប្រធានសហគមន៍កសិដ្ឋានចិញ្ចឹមគោ បានឲ្យដឹងថា សហគមន៍កសិដ្ឋានចិញ្ចឹមគោ បង្កើតឡើងចាប់ពីថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២៣ មានក្រុមប្រឹក្សាភិបាល៣រូប សមាជិកគណៈកម្មការត្រួតពិនិត្យ៣រូប ហើយសហគមន៍មានសមាជិកចំនួន៩២នាក់ មានភាគហ៊ុនចំនួន២៤២ហ៊ុន ក្នុងនោះសមាជិកចិញ្ចឹមគោក្នុងក្រោលមានចំនួន៦០នាក់ មានគោ២៥៥២ក្បាល។
កសិដ្ឋាននេះ ដំបូងចិញ្ចឹមគោ៧ក្បាល ហើយរហូតមកដល់បច្ចុប្បន្ន មានគោដល់ទៅជាង១ពាន់ក្បាល ហើយមានកម្មករកំពុងធ្វើការ ក្នុងកសិដ្ឋានមានចំនួន៥០នាក់ កសិដ្ឋានមានផ្ទៃដីដាំដុះស្មៅសម្រាប់ឲ្យចំណីគោសរុប១៣ហិចតា ដោយទទួលបានផលពី៧០តោនទៅ១០០តោន ក្នុង១ហិចតា។ គោស៊ីស្មៅ និងចំបើងក្នុងមួយថ្ងៃត្រូវចំណាយថវិកាអស់១ម៉ឺនរៀលក្នុងគោមួយក្បាល។ ដោយគោជាង១ពាន់ក្បាលត្រូវស៊ីស្មៅក្នុងមួយថ្ងៃពីរដងអស់២០តោន ក្នុងមួយថ្ងៃ។
លោក ហ៊ត លាង បានបន្តទៀតថា សព្វថ្ងៃនេះកសិដ្ឋានមានគោញី៨០០ក្បាលសម្រាប់ទុក្ខធ្វើពូជ ដោយក្នុងមួយឆ្នាំកើតកូនម្តង។ ចំពោះការចិញ្ចឹមគោសាច់លក់មានចំនួន៤១០ក្បាល មានរយៈពេលត្រឹមតែ៣-៤ខែ គឺអាចលក់បានតម្លៃសមរម្យ ដែលជួយឱ្យសហគមន៍កសិដ្ឋានទទួលបានប្រាក់ចំណូលខ្ពស់។ ចំពោះលាមកសត្វគោក្នុងមួយសប្តាហ៍ប្រមូលបាន៣០តោន និងទិញចូល១៥តោន។ ហើយចាប់ធ្វើជីកំប៉ុស្តចាប់ពីខែ១២ ឆ្នាំ២០២៤ រហូតមកដល់សព្វថ្ងៃនេះ លក់ចេញទៅទីផ្សារ ចំនួន៣៧៥តោន។
ក្នុងឱកាសនោះ លោកប្រធានសហគមន៍កសិដ្ឋានចិញ្ចឹមគោ បានសំណូមពរដល់ឯកឧត្តម វង សូត ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងប្រជាពលរដ្ឋជួយគាំទ្រហូបសាច់គោខ្មែរដែលចិញ្ចឹមក្នុងស្រុក ដោយប្រើចំណីស្មៅធម្មជាតិ មិនដូចគោនាំចូលពីប្រទេសក្រៅដែលនាំចូលក្នុងស្រុកគឺចិញ្ចឹមដោយប្រើថ្នាំ។
ក្រោយពីបានពិនិត្យកសិដ្ឋាន និងរបៀបចិញ្ចឹមគោរបស់សហគមន៍រួចមក ឯកឧត្តម វង សូត បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបានជំរុញឱ្យលោកប្រធានសហគមន៍កសិដ្ឋានចិញ្ចឹមគោ និងមន្ទីរកសិកម្មខេត្ត ព្រមទាំងអង្គភាពដែលពាក់ព័ន្ធទាំងអស់ខិតខំធ្វើយ៉ាងណា ជួយពង្រីកនិងផ្តល់បច្ចេកទេសចិញ្ចឹមគោ និងត្រូវជួយគាំទ្របច្ចេកទេសដាំដុះស្មៅសម្រាប់ចំណីគោដល់កសិករបន្ថែមទៀត។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រធានសហគមន៍ និងក្រុមប្រឹក្សាសហគមន៍ ឱ្យខិតខំស្វែងរកទីផ្សារសម្រាប់ការលក់សាច់គោ និងធ្វើផែនការចិញ្ចឹមគោឱ្យបានច្បាស់លាស់ ដោយនាំយកសាច់គោរបស់សហគមន៍ ទៅដល់ទីផ្សារគោលដៅចុងក្រោយ ដើម្បីបង្កើនប្រាក់ចំណេញ និងរក្សាបាននិរន្តរភាពទីផ្សារ។ ស្របពេលជាមួយគ្នានោះ ក៏ត្រូវពង្រីកការចិញ្ចឹមគោឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម វង សូត និងតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់បងប្អូនកសិករ ដែលជាសមាជិកសហគមន៍ បន្តចិញ្ចឹមគោតាមបច្ចេកទេសរបស់មន្ទីរកសិកម្មខេត្ត ដោយរក្សាឱ្យបាននូវសាមគ្គីភាពក្នុងសហគមន៍។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ក៏បានឧបត្ថម្ភថវិកាដល់កសិករចិញ្ចឹមគោ៥០នាក់ ដោយក្នុងមួយៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ៕




















