ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា ឆ្នាំ២០២៥ ដោយលែងកូនត្រី និងត្រីមេពូជ នៅស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជេីញជាអធិបតីក្នុងពិធីប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា ឆ្នាំ២០២៥ ដោយលែងកូនត្រី និងត្រីមេពូជ នៅស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែង


ភ្នំពេញ៖
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្ធ ទិវាមច្ឆាជាតិ ១កក្កដា ឆ្នាំ២០២៥ ដោយលែងកូនត្រី និងត្រីមេពូជ នៅស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុងស្រុក តំណាងអង្គការដៃគូរ មន្ទីរ-អង្គភាពមន្ត្រីរាជការជុំវិញខេត្ត យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា កូនត្រីចម្រុះប្រមាណ ៣០.០០០ក្បាល និងត្រីមេពូជចំនួន ១០០គីឡូក្រាម (ក្នុងនោះរួមមាន៖ កូនត្រីឆ្អិន, កូនត្រីប្រា, កូនត្រីពោធិ៍, អណ្ដើក, កង្កែប និងត្រីមេ មានត្រី ក្រាញ់, ប្រុស, រៀល, ឆ្អិន និងត្រីប្រា) ត្រូវបានលែងចូលស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែងក្នុងពេលនេះ គឺដើម្បីបង្កើនផលស្តុកធម្មជាតិ ក្នុងបឹងជម្រកត្រីធម្មជាតិ ឲ្យសម្បូរហូរហៀរឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន ត្រីធម្មជាតិ ក៏ដូចក្នុងខេត្តយើង។

លោកប្រធានមន្ទីរ បានបន្ថែមថា ក្នុងខេត្តពោធិ៍សាត់ មានសហគមន៍នេសាទចំនួន៣៥ ដែលបានបង្កើតឡើងក្នុងក្រុង-ស្រុកទាំង០៧ និងមានទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសហគមន៍ទាំងអស់គឺបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនៅក្នុងខេត្ត។ ចំពោះការអភិរក្សធនធានជលផល មកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលក្នុងខេត្តពោធិ៍សាត់មាន ៦កន្លែង ដែលមានផ្ទៃដីសរុប ២២.៩៥០ហិកតា និងបានបង្កើតស្រះជម្រកត្រីបានចំនួន ៣៣កន្លែង។ ហើយផលនេសាទទឹកសាបក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ សម្រេចបានចំនួន ៣១.៦០០តោន មានការកើនឡើងជាង ១.២០០តោន បើធៀបនឹងឆ្នាំ២០២៤ និងទទួលបានផលពីវារីវប្បកម្ម/ចិញ្ចឹមត្រី (តាមស្រះ និងតាមបែរ) ចំនួន ១៣.០៤២តោនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធធ្វើជារៀងរាល់ ឆ្នាំ ស្របតាមច្បាប់ ស្តីពីជលផល ហើយក្នុងឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំនៅស្រះជំរកត្រី សហគមន៍ នេសាទបឹងកំពែង ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍ វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផលដើម្បីផល ប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន។ 

ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និងផែនការ អភិវឌ្ឍន៍ វិស័យកសិកម្ម ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍ វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានា សន្តិសុខ ស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាកសិករប្រកបដោយនិរន្តភាព កសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ដោយសម្រេចបានលទ្ធផល ជាច្រើនគួរជាទីមោទន។

ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ការធ្វើអាជីវកម្ម ទៅនឹងការអភិរក្សជលផល ការធ្វើវារីវប្បកម្ម និងការពារបរិស្ថាន គឺជាបញ្ហាដែលមានសារៈសំខាន់ និងមានតម្លៃបំផុតសម្រាប់ ទ្រទ្រង់ ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន។ ដូច្នេះ ត្រូវប្តេជ្ញារួមគ្នាការពារ អភិរក្ស និងគ្រប់គ្រងធនធាន ផលផល ធម្មជាតិដែលមានតម្លៃធំធេងនេះឱ្យខាងតែបាន ដើម្បីរក្សាជាកេរ្តិ៍ដំណែលដល់កូនចៅយើងជំនានក្រោយៗទៀត ៕














Previous Post Next Post