ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តសិរីសុន្ធរវង្ស (ហៅវត្តក្រចេះក្រុង) ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់១៥កើត ខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់១៥កើត ខែអស្សុជ)។
ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕
































