ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងលោកជំទាវ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តចំនួន១២ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណៈកម្មការទី៨ ព្រឹទ្ធសភា ឯកឧត្តម ថា យ៉ាវ សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម នង វសនា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា លោកជំទាវ យស ថានារី តំណាងរាស្រ្តខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារតាមបណ្តាឃុំទាំង១១ក្នុងស្រុកកំពង់ស្វាយ លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងក្រុមការងារជំនួយការគណៈកម្មការ។
ពិធីបុណ្យចូលព្រះវស្សាគឺជាបុណ្យដែលមានមកតាមមាគ៌ាព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវគង់ចាំព្រះវស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ បុណ្យចូលវស្សា ជាឱកាសអនុញ្ញាតដល់ពុទ្ធបរិស័ទ លោកមានសទ្ធាបំពេញ បុណ្យកុសលតាមសទ្ធាជ្រះថ្លា រៀងៗខ្លួនដោយការបរិច្ចាគទាន ចំពោះព្រះសង្ឃ។ តាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ក្នុងអំឡុងពេលចូលវស្សា ព្រះសង្ឃ គឺពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ។ ពោលគឺជាពេលមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យផ្សេងៗ។ ដូច្នេះ ពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនុកបម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើម សម្រាប់ប្រគេនព្រះសង្ឃនៅក្នុងរដូវកាលដែលព្រះសង្ឃគង់ចាំព្រះវស្សានេះ។
ក្នុងឱកាសនោះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារ បាននាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃនិងផ្ដល់ជូនដល់លោកតា លោកយាយដែលអញ្ជើញមកចំនួន១២វត្ត ដោយក្នុង១វត្តៗ ទទួលបានទៀនព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម, សាដក់ ១, ទឹកផ្លែឈើ ២កេស, ទឹកបរិសុទ្ធ ១០យួរ, អំបិល ១០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, មីជាតិ ២កេស, ប្រេងឆា ៥លីត្រ, ប្រគេនបច្ច័យព្រះសង្ឃចំនួន១២វត្ត និងតាជី យាយជី ជូនក្រណាត់ស និងថវិកាមួយចំនួនផងដែរ ៕





















