ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ សាលាស្រុកវាលវែង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលស្បៀង គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីក្រុមអតីតសិស្សទួលទំពូង ដឹកនាំដោយឯកឧត្តម យឹមវិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកភ្នំក្រវ៉ាញ ប្រគល់ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ បន្តចែកជូនដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី សមរភូមិក្តៅ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត មានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ ដែលបានដឹកនាំក្រុមអតីតសិស្សវិទ្យាល័យទួលទំពូង មកពីរាជធានីភ្នំពេញ ដែលចំណាយទាំងពេលវេលានិងថវិកា ក្នុងស្មារតីជាតិនិយមយ៉ាងពិតប្រាកដ ដើម្បីគាំទ្រឆ្លើយតបទៅនឹងទម្រូវការចាំបាច់ក្នុងពេលប្រទេសជាតិកំពុងជួបមហិច្ឆតាឃ្លានពានពីភាគីថៃ ៕

















